(កាប៊ុល)៖ របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ បានតែងតាំងសមាជិករបស់ខ្លួនចំនួន ៤៤នាក់បន្ថែមទៀតឱ្យឡើងកាន់តំណែងសំខាន់ៗ រួមទាំងអភិបាលខេត្ត-ក្រុង និងអគ្គមេបញ្ជាការប៉ូលិសផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមបញ្ជីឈ្មោះដែលបានបង្ហោះ នៅលើគណនីបណ្ដាញសង្គម Twitter របស់អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ី ហ៊ុលឡោះ មូចាហ៉ីដ (Zabihullah Mujahid) បានបង្ហាញឱ្យឃើញថា លោក ខារី បាយ៉ាល់ (Qari Baryal) នឹងឡើងកាន់តំណែងជាអភិបាលរដ្ឋធានីកាប៊ុល (Kabul) ខណៈលោក វ៉ាលី ចេន ហាំហ្សា (Wali Jan Hamza) នឹងបម្រើការជាអគ្គមេបញ្ជាការប៉ូលិសទីក្រុងនេះ។

គួរបញ្ជាក់ថា វាគឺជាការតែងតាំងមន្ត្រីកំពូលៗ ក្នុងទ្រង់ទ្រាយធំលើកដំបូងបង្អស់ ដែលត្រូវបានប្រកាស ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ ត្រូវបានបង្កើតឡើងកាលពីខែកញ្ញាកន្លងទៅនេះ។ សម្រាប់ការតែងតាំងមេបញ្ជាការថ្មីនេះ បានកើតមានឡើងបន្ទាប់ពីអគ្គមេបញ្ជាការមុន គឺលោក ម៉រឡាវី មូឃ្លីស (Mawlawi Hamdullah Mukhlis) បានបាត់បង់ជីវិត ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក លើមន្ទីរពេទ្យធំនៃទីក្រុងកាប៊ុល កាលពីដើមខែវិច្ឆិកានេះ៕