(តេហេរ៉ង់)៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការទាមទារឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មរបស់ខ្លួនចេញវិញទាំងអស់ តាមរយៈនីតិវិធីមួយ ដែលអាចផ្ទៀងផ្ទាត់បានពិតប្រាកដ ស្របពេលកិច្ចចរចាសំដៅស្រោចស្រង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញក្នុងពេល ប៉ុន្មានសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ដោយឆ្លុះបញ្ចាំងពីគោលជំហរផ្លូវការរបស់ប្រទេសអ៉ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនចាំបាច់ត្រូវតែ ដកទណ្ឌកម្មនានាដែលបានដាក់មកលើទីក្រុងតេហេរ៉ង់ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈនីតិវិធីមួយដែលអាចផ្ទៀងផ្ទាត់បានច្បាស់លាស់។ លោក Khatibzadeh ក៏បានទទូចឲ្យ អាមេរិកទទួលស្គាល់កំហុសឆ្គង ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរផងដែរ។

គួរបញ្ជាក់ថា កិច្ចចរចាដោយប្រយោលរវាងអ៉ីរ៉ង់និងសហរដ្ឋអាមេរិក ដែលបានជាប់គាំងចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ត្រូវបានកំណត់ថា នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ នៅឯទីក្រុងវីយែននៃប្រទេសអូទ្រីស ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៉ីនតោនបានបោះបង់ចោល កាលពី៣ឆ្នាំមុន រួចដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៉ីរ៉ង់៕