(អាមេរិក)៖ រូបភាពនានាបានមកពីផ្កាយរណប របស់ក្រុមហ៊ុនអាមេរិក Maxar ដែលត្រូវបានផ្តិតយកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ទម្លាយចេញនៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតែម្តង ដោយបង្ហាញអំពីតំបន់មួយនៅចិន កំពុងសាងសង់គំរូនាវាដឹកយន្តហោះចម្បាំង និងនាវាចម្បាំងមួយចំនួនដែលគេជឿជាក់ថា មានរូបរាងដូចនាវាដឹកយន្តហោះចម្បាំង និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក។

បើតាមក្រុមជំនាញអាមេរិក គំរូនាវាដឹកយន្តហោះចម្បាំង និងនាវាចម្បាំងខាងលើនេះ អាចជាការធ្វើតេស្តសមត្ថភាពរបស់ចិន ក្នុងការផលិតនាវាដឹកយន្តហោះចម្បាំងផង និងដើម្បីហ្វឹកហាត់វិធីសាស្ត្រទប់ទល់ នឹងយោធាសហរដ្ឋអាមេរិកផង ស្របពេលដែលភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ទៅលើបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង កាន់តែវិវឌ្ឍទៅរកភាពក្តៅគគុកខ្លាំងឡើងៗ។

ប្រភពដដែលបានបញ្ជាក់ទៀតថា រូបភាពដែលត្រូវបានផ្តិតយក ដោយផ្កាយរណបរបស់ក្រុមហ៊ុន Maxar ខាងលើនេះ គឺស្ថិតនៅពីលើវាលខ្សាច់មួយ នៃតំបន់ស្វយ័ត ស៊ីនជាំង ភាគពាយ័ព្យនៃប្រទេសចិន។ តាមរយៈរូបភាពទាំងនេះ ក្រុមអ្នកជំនាញអាមេរិកបានអះអាងថា មានគំរូនាវាដឹកយន្តហោះចម្បាំងមួយគ្រឿង និងនាវាចម្បាំងកម្ទេចមីស៊ីល លំដាប់ថ្នាក់ អាលីច ប៊ឺក (Arleigh Burke) ចំនួនពីរគ្រឿងទៀត។

គួរបញ្ជាក់តាមវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក (USI) បានឲ្យដឹងថា សំណង់ថ្មីៗរបស់ចិនខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វាយខ្សាច់ តាក្លាម៉ាខាន់ (Taklamakan) ដែលជាចំណុចប្រកបដោយ ភូមិសាស្ត្រស្មុគស្មាញថ្មីមួយទៀត ហើយទីតាំងនេះក៏ធ្លាប់ត្រូវបានយោធាចិន ប្រើប្រាស់ដើម្បីធ្វើតេស្ត គ្រាប់មីស៊ីលបាលីស្ទីកផងដែរ។ ភ្លាមៗ ក្រសួងការពារជាតិចិន មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះរបាយការណ៍របស់អាមេរិកខាងលើនេះឡើយ៕