(ហ៊្វូណាហ៊្វូទី)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសដីកោះទូវ៉ាលូ (Tuvalu) លោក សាយម៉ុន កូហ្វ៉ី (Simon Kofe) បានថ្លែងសុន្ទរកថា ទៅកាន់កិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងក្លាសកូវ (Glasgow) ប្រទេសស្កុតលែន ដោយឈរក្នុងទឹកសមុទ្រនៅជម្រៅត្រឹមជង្គង់ ក្នុងគោលបំណងបង្ហាញឲ្យពិភពលោកបានឃើញថា ប្រទេសដីកោះនៅប៉ាស៉ីហ្វិកមួយនេះ កំពុងស្ថិតនៅជួរមុខតែម្តង ក្នុងការរងឥទ្ធិពលពីបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

រូបភាពរបស់លោក Simon Kofe ឈរក្នុងទឹកសមុទ្រ ដោយស្ថិតក្នុងឈុតអាវធំ ជាមួយក្រវាត់ក ហើយមូរជើងខោឡើង ត្រូវបានចែកចាយតៗគ្នា ពាសពេញបណ្ដាញសង្គម ជាហេតុនាំឲ្យមានការចំណាប់អារម្មណ៍ ចំពោះកិច្ចប្រឹងប្រែងតស៊ូរបស់ប្រទេសដីកោះ Tuvalu ប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ។

លោក Simon Kofe បាននិយាយនៅក្នុងសារវីដេអូផ្ញើទៅកាន់កិច្ចប្រជុំកំពូល COP26 ថា «នេះគឺស្ថានភាពជីវិតពិតប្រាកដដែលប្រទេសដីកោះ Tuvalu កំពុងប្រឈមមុខ ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ» ហើយលោកបានគូសបញ្ជាក់អំពីសកម្មភាពក្លាវក្លា ដែលប្រទេសដីកោះ Tuvalu កំពុងតែធ្វើ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗជាបន្ទាន់ ដោយសារការប្រែប្រួលអាកាសធាតុ»

បើតាមមន្ត្រីរដ្ឋាភិបាលនៃប្រទេសដីកោះ Tuvalu សារវីដេអូនេះ ត្រូវបានថតដោយទូរទស្សន៍សាធារណៈ TVBC នៅជាយកោះ ហ្វុនហ្កាវ៉ាលី (Fongafale) ដែលជាកូនកោះធំជាងគេនៃរដ្ឋធានីហ៊្វូណាហ៊្វូទី (Funafuti)។ សារវីដេអូនេះ នឹងត្រូវដាក់បង្ហាញនៅក្នុងកិច្ចប្រជុំកំពូល COP26 ក្នុងថ្ងៃអង្គារសប្តាហ៍នេះ៕