(ឡុងដ៏)៖ នៅថ្ងៃសៅរ៍នេះក្រសួងសុខាភិបាល នៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងបើកឲ្យមានការបញ្ជាទិញទុកជាមុន នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ ឬដូសទី ៣» មួយខែមុនការចាក់ដល់មនុស្ស ដែលស្ថិតក្នុងលក្ខខណ្ឌអាចទទួលបានវា ដើម្បីឲ្យល្បឿននៃយុទ្ធនាការនេះ មានភាពលឿនរហ័ស ចំពោះមុខការគំរាមកំហែងនៃរដូវរងា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ត្រូវបានគេមើលឃើញថា កំពុងបង្ហាញក្តីសង្ឃឹមខ្ពស់ ទៅលើយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីឲ្យប្រទេសនេះអាចគេចផុតពីការ បិទខ្ទប់ (lockdown) ជាថ្មីនៅអំលុងរដូវរងា និងបុណ្យណូអែលនាពេលខាងមុខ។ ទោះជាយ៉ាងណា ការរិះគន់ក៏បានកើតមានឡើងជាបណ្តើរៗហើយដែរ ទៅលើភាពយឺតយ៉ាវ នៃការអនុវត្តកម្មវិធីនេះ។

គួរបញ្ជាក់ថា មនុស្ស ៣នាក់ ក្នុងចំណោម ៥នាក់ ដែលស្ថិតក្នុងក្រុមមនុស្សមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ហើយនៅអង់គ្លេស។ បើគិតជាចំនួនវិញ គឺមនុស្សជាង ៩លាននាក់ នៅទូទាំងចក្រភពអង់គ្លេស បានទទួលការចាក់ដូសជំរុញរួចរាល់។ ចក្រភពអង់គ្លេសបានកំណត់ឲ្យមនុស្សអាយុចាប់ពី ៥០ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) បន្ទាប់ពីរយៈពេល ៦ខែនៃការចាក់ដូសទី ២។

យ៉ាងណាក៏ដោយ រដូវរងាខាងមុននេះនឹងក្លាយជាពេលវេលា ដ៏លំបាកបន្ថែមមួយកម្រិតទៀត មិនថាតែនៅចក្រភពអង់គ្លេសនោះឡើយ តែគឺទ្វីបអឺរ៉ុបទាំងមូល ដោយពួកគេបានទទួលការព្រមានរួចជាស្រេច ពីអង្គការសុខភាពពិភពលោក (WHO) អំពីលទ្ធភាពនៃការផ្ទុះ COVID-19 រលកថ្មី ដែលបាននិងកំពុងជំរុញឲ្យប្រទេសនានា បង្កើនវិធានការបម្រុង និងទប់ស្កាត់ឡើងវិញ៕