(ព្រុចសែល)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាតំបន់អឺរ៉ុបអាចនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 សាជាថ្មី បន្ទាប់ពី អ្នកឆ្លង ១.៨លាននាក់ និងស្លាប់ថ្មី ២៤,០០០នាក់ ត្រូវបានរាយការណ៍នៅទូទាំងតំបន់នេះកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំតំបន់អឺរ៉ុប បានបញ្ជាក់ថាអត្រាឆ្លង COVID-19 នៅទូទាំងប្រទេសចំនួន៥៣ នៃតំបន់អឺរ៉ុបពិតជាគួរឱ្យបារម្ភយ៉ាងក្រៃលែង ដោយបច្ចុប្បន្នអឺរ៉ុបកំពុងប្រឈមមុខនឹងការកើនឡើងជាថ្មីយ៉ាងគំហុកនៃ ករណីឆ្លងជំងឺដ៏ចកាចសាហាវមួយនេះ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងករណីឆ្លង COVID-19 បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបបានសម្រេចចិត្តដាក់ចេញវិធានការរឹតត្បិតថ្មីៗ ដើម្បី ទប់ស្កាត់ការកើនឡើងករណីឆ្លង។ ប្រទេសអឺរ៉ុបដែលបានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃ ក្នុងនោះមានដូចជាអាល្លឺម៉ង់, បារាំង, ប៉ូឡូញ, ហូឡង់ និងចក្រភពអង់គ្លេសជាដើម ស្របពេលអ្នកជំនាញជាច្រើនព្រមានថាតំបន់អឺរ៉ុបអាចនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 សាជាថ្មី ជាពិសេសនៅក្នុងរដូវបុណ្យណូអែលខាងមុខនេះ៕