(ក្លាសហ្គូវ)៖ ក្រុមសកម្មជនការពារបរិស្ថានដឹកនាំដោយសកម្មជនបរិស្ថានវ័យក្មេងដ៏លេចធ្លោម្នាក់ គឺយុវតី Greta Thunberg បាននាំគ្នាដើរជាក្បួនដើរដង្ហែរក្នុង ទីក្រុងក្លាសហ្គូវ (Glasgow) ប្រទេសស្កុតលែន ជាទីដែលមេដឹកនាំពិភពលោកកំពុងជួបប្រជុំគ្នា ស្វែងរកដំណោះស្រាយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងក្បួនដង្ហែរដែលមានគោលដៅទាមទារឱ្យមេដឹកនាំាពិភពលោកនានា បង្ហាញពីការប្ដេជ្ញាចិត្ត និងធ្វើសកម្មភាពជាជាងការសន្យា ក៏មានការចូលរួមផងដែរពី សកម្មជនបរិស្ថានមកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានទាំងលោក Jon Bonifacio។ លោក Bonifacio មានអាយុ ២៤ឆ្នាំ គឺជានិស្សិតពេទ្យម្នាក់មកពីប្រទេស ហ្វីលីពីន ហើយលោកសម្រេចចិត្តធ្វើជាសកម្មជនការពារបរិស្ថានម្នាក់ នៅពេលដែលលោកបានឃើញផែនទីមួយដោយចៃដន្យបង្ហាញថាទៅថ្ងៃអនាគតហ្វីលីពីន អាចនឹងត្រូវបានជន់លិចដោយសារទឹកជំនន់នៅក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខនេះ។

លោក Bonifacio បានបញ្ជាក់ដូច្នេះថា «សាលាពេទ្យក្នុងទីក្រុងម៉ានីល ជាទីដែលខ្ញុំកំពុងសិក្សារៀនសូត្រ បានក្លាយជាកន្លែងមួយដែលអាចនឹងត្រូវជន់លិច ដែល
នេះហើយបានធ្វើឱ្យខ្ញុំចាប់ផ្ដើមគិតថាតើខ្ញុំកំពុងធ្វើអ្វី?... រហូតដល់ធ្វើឱ្យខ្ញុំសម្រេចថាត្រូវធ្វើសកម្មភាពការពារបរិស្ថានជាមុនសិន មុននឹងសម្រេចបំណងចង់ក្លាយ ជាវេជ្ជបណ្ឌិតម្នាក់»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល COP26 ក្នុងទីក្រុង ក្លាសហ្គូវបានផ្តោតជាសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសគឺការទប់ស្កាត់ការឡើងកម្ដៅផែនដីតែម្ដង។ មេដឹកនាំពិភពលោកនានា ដូចជាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធ្វើការសន្យាជាច្រើនដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែសម្រាប់ សកម្មជនការពារបរិសា្ថន ការសន្យាមិនទាន់គ្រប់គ្រាន់នោះទេ ដោយតម្រូវឱ្យមានសកម្មភាពជាក់ស្ដែងបន្ថែម៕