(ញូវយ៉ក)៖ ការធ្វើតេស្តសាកល្បងថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Pfizer បានបញ្ឈប់ភ្លាមៗ បន្ទាប់ពីបង្ហាញថាថ្នាំនេះអាចកាត់បន្ថយឱកាសនៃការចូលមន្ទីរពេទ្យ ឬស្លាប់ចំពោះមនុស្សពេញវ័យ បានរហូតដល់៨៩%។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់ ចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លទ្ធផលហាក់ដូចជាល្អលើសពីថ្នាំគ្រាប់ molnupiravir របស់ក្រុមហ៊ុន Merck ដែលត្រូវបានបង្ហាញកាលពីខែមុនទៅទៀត ដែលថ្នាំនេះអាចកាត់បន្ថយលទ្ធភាពស្លាប់ឬសម្រាកនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩ បាន៥០% ភាគរយប៉ុណ្ណោះ។

ទោះជាយ៉ាងណា ទិន្នន័យសាកល្បងពេញលេញមិនទាន់នញ្ចេញ ដោយក្រុមហ៊ុនទាំងពីរនៅឡើយទេ។

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនគ្រោងនឹងដាក់ជូនរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកនូវលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន នៃថ្នាំគ្រាប់នេះ ដែលជាផ្នែកមួយនៃកម្មវិធីប្រើប្រាស់បន្ទាន់របស់ខ្លួន ដែលបានផ្តួចផ្តើមក្នុងខែតុលា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះការព្យាបាលជំងឺកូវី១៩ ទាំងអស់ដែលប្រើនៅសហរដ្ឋអាមេរិក តម្រូវឱ្យចាក់តាមសរសៃឈាម (IV) ឬចាក់ថ្នាំ។ ថ្នាំគ្រាប'របស់ដៃគូប្រកួតប្រជែង Merck ត្រូវបានត្រួតពិនិត្យរួចហើយ ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បន្ទាប់ពីបង្ហាញលទ្ធផលដំបូងខ្លាំង ហើយចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលអនុម័តថ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍៕