(ហុងកុង)៖ ហានិភ័យនៃការបុកទង្គិចគ្នារវាងនាវាមុជទឹកនុយក្លេអ៊ែរដែល អាចបង្កទៅជា «សង្រ្គាម» នៅឯតំបន់សមុទ្រចិនខាងត្បូងកំពុងកើនឡើងយ៉ាងខ្លាំង ខណៈកងទ័ពជើងទឹកចិន និងអាមេរិកកាន់តែបង្កើនការធ្វើសកម្មភាពយោធារបស់ពួកគេក្នុងតំបន់ជម្លោះ។ នេះជាការព្រមានរបស់អ្នកជំនាញចិនម្នាក់។

បើតាមលោក Wu Shicun ដែលជាប្រធានវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង (National Institute for South China Sea Studies), ការបង្កើតសម្ព័ន្ធភាពត្រីភាគី AUKUS (រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក) វាប្រៀបបានទៅនឹងការចាក់សាំងបន្ថែមពីលើភ្លើងដែលកំពុងឆាបឆេះ ស្រាប់ក្នុងតំបន់សមុទ្រខាងត្បូង បើទោះជាអាមេរិក និងអង់គ្លេស ត្រូវចំណាយពេលរាប់ទសវត្សរទៅមុខទៀត ដើម្បីជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ក៏ដោយ។

ក្រុមអ្នកជំនាញភាគច្រើនយល់ថាសង្រ្គាមក្នុងតំបន់សមុទ្រចិនខាងត្បូង នឹងមិនផ្ទុះឡើងក្នុងពេលភ្លាមៗនោះទេ ប៉ុន្តែក្នុងបរិបទដែលអាមេរិក និងចិនកាន់តែ បង្កើនការដាក់ពង្រាយនាវាចម្បាំង ជាពិសេសនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់តំបន់ជម្លោះដែនទឹក គ្មាននរណាម្នាក់អាចធានាបានឡើយថាសង្រ្គាម ឬជម្លោះ នឹងមិនផ្ទុះឡើង នៅក្នុងករណីដែលនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក និងចិនបុកទង្គិចគ្នាជាយថាហេតុណាមួយ នៅក្រោមបាតសមុទ្រ?

ការព្រួយបារម្ភបែបនេះបានកើតឡើង ក្រោយនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក USS Connecticut បានរងការខូចខាតដោយសារការបុកទង្គិចទៅនឹងវត្ថុម្យ៉ាង នៅឯបាតសមុទ្រ នៃសមុទ្រចិនខាងត្បូង កាលពីចុងខែតុលាកន្លងទៅ។ កងនាវាអាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះ បានអះអាងថានាវាមុជទឹក USS Connecticut បានបុកទង្គិចនឹង «ភ្នំនៅក្រោមបាតសមុទ្រ» តែការបញ្ជាក់នេះមិនទាន់អាចស្រាយមន្ទិលសង្ស័យបាននោះទេ។ ថ្លែងនៅឯវេទិការទំនាក់ទំនង អន្តរជាតិមួយ រៀបចំដោយវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង លោក Wu Shicun បានលើកឡើងថាយន្ដការគ្រប់គ្រងវិបត្តិសព្វថ្ងៃ ប្រហែលជានឹងមិនមានប្រសិទ្ធភាពឡើយនៅក្នុងកាលៈទេសៈចាំបាច់។ លោកថ្លែងបែបនេះ គឺចង់សំដៅទៅលើឯកសារមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្ត ដែលត្រូវបានចុះហត្ថលេខាដោយចិន និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៤ ស្ដីពីវិធាននៃអាកប្បកិរិយានៅពេលមានការប្រឈមមុខដាក់គ្នាតាមផ្លូវអាកាស និងសមុទ្រ។

បន្ថែមពីលើនេះ លោក Wu ក៏បានរំលឹកផងដែរពីព្រឹត្តិការណ៍មួយដែលសឹងតែត្រូវបានគេបំភ្លេចចោលកាលពីឆ្នាំ២០១៨ ពោលគឺនៅពេលនាវាពិឃាដចិន Luyang បានធ្វើដំណើរនៅក្នុងចម្ងាយតែ ៤១ម៉ែត្រប៉ុណ្ណោះពីនាវាពិឃាដអាមេរិក USS Decatur ដោយនាវាពិឃាដទាំង ២នេះស្ទើតែបុកទង្គិចគ្នាទៅហើយ នៅក្នុងតំបន់ថ្មប៉ប្រះទឹក Gaven Reef នៃសមុទ្រចិនខាងត្បូង។

«ការធ្វើដំណើរនៅក្នុងចម្ងាយ ៤១ម៉ែត្រពីគ្នាបែបនេះគឺពិតជាមានគ្រោះថ្នាក់បំផុត។ មែនទែនទៅ មិនមែនថាយើងមិនមានច្បាប់កំណត់នោះទេ ប៉ុន្តែទាស់នៅ ត្រង់ថាច្បាប់ទាំងនោះមិនត្រូវបានអនុវត្តនៅក្នុងកាលៈទេសៈចាំបាច់តែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើ សេណារីយ៉ូបែបនេះកើតឡើងជាថ្មីរវាងនាវាមុជទឹក នុយក្លេអ៊ែរពីរគ្រឿង នោះវាប្រហែលជានឹងក្លាយជាគ្រោះមហន្តរាយមួយយ៉ាងធំ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Wu Shicun។

បើតាមលោក Wu Shicun ហានិភ័យអាចនឹងកើតឡើងភ្លាមៗ ខណៈទាំងចិន និងសហរដ្ឋអាមេរិកបាន និងកំពុងអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ ហើយបាន បញ្ជូនាវាមុជទឹករបស់ពួកគេទៅកាន់តំបន់សមុទ្រចិនខាងត្បូង។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងនៅក្រោមសម្ព័ន្ធភាព AUKUS ដែលអាមេរិក និងអង់គ្លេស សន្យាជួយអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរ ក៏អាចនឹងធ្វើឱ្យការប្រជែងគ្នានៅក្នុងតំបន់ដែនទឹកជម្លោះរវាងចិន និងបណ្ដាប្រទេសអាស៊ានមួយចំនួន ដែលមានខ្លះជាសម្ព័ន្ធមិត្តអាមេរិកកាន់តែមានភាពពុះកញ្រ្ជោល ហើយគួបផ្សំនឹងការកើនឡើងចំនួននាវាមុជទឹកនុយក្លេអ៊ែរ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ សួរថាតើមានច្បាប់រួមណាមួយឱ្យនាវាចម្បាំងទាំងនេះអនុវត្តតាមដែរ ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានគំនិតផ្ដួចផ្ដើមសិក្សាពីតំបន់សមុទ្រចិនខាងត្បូង (South China Sea Probing Initiative) មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន, សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52H និង B-1B ចំនួន១៤ដង នៅក្នុងឆ្នាំ២០២១នេះ ទៅកាន់តំបន់ជម្លោះដែន ទឹកសមុទ្រចិនខាងត្បូង អមជាមួយនាវាមុជទឹកនុយក្លេអ៊ែរ ១១គ្រឿង ក្នុងនោះរួមមានទាំងនាវាមុជទឹក USS Connecticut ដែលទើបតែរងការខូចខាត ដោយសារតែការបុកទង្គិច។

ដោយឡែក របាយការណ៍ថ្មីមួយរបស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងដែរថាកងទ័ព ជើងទឹកចិន មាននាវាចម្បាំង និងនាវាមុជទឹក ៣៥៥គ្រឿង គិតត្រឹមឆ្នាំ២០២០។ ក្នុងនោះកងទ័ពជើងចិនកំពុងផ្ដោតទៅលើការធ្វើទំនើបកម្មកងកម្លាំងនាវា មុជទឹកនុយក្លេអ៊ែរ ក៏ដូចជាកំពុងប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលិស្ទីគចំនួន ៦គ្រឿង, នាវាមុជទឹកនុយក្លេអ៊ែរប្រយុទ្ធ ៦គ្រឿង ព្រមទាំង នាវាមុជទឹកធម្មតាចំនួន ៤៦គ្រឿង ហើយនាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលិស្ទីគអាចនឹងកើនឡើងដល់ ៨គ្រឿងនៅឆ្នាំ២០៣០។

ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ដូច្នេះហើយបើគ្មានយន្ដការគ្រប់គ្រងជម្លោះដ៏មានប្រសិទ្ធទេ នោះហានិភ័យនៃការផ្ទុះ សង្រ្គាម ឬជម្លោះនឹងមានកាន់តែខ្ពស់ ក្នុងបរិបទដែលចិន និងអាមេរិកបង្កើនសកម្មភាពយោធារៀងៗខ្លួននៅឯតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បួង និងច្រកសមុទ្រតៃវ៉ាន់ ហើយដែលតំបន់ទាំង២នេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថាអាចនឹងក្លាយជាសមរភូមិសង្រ្គាមចិន-អាមេរិក នៅថ្ងៃណាមួយ៕

ប្រភព៖ SCMP (ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១)