(ប៉េកាំង)៖ “គាំពារគំនិតឯកភាពរួមរបស់ពហុភាគី” “ផ្តោតសំខាន់ទៅលើការប្រតិបតិ្តជាក់ស្តែង” “ពន្លឿនការផ្លាស់ប្តូររូបមន្តបែបបៃតង” នេះជាសំណើបីចំណុចពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង ក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ» លើកទី ២៦ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ខណៈពេលកិច្ចប្រជុំកំពូលលើកនេះបានសម្ពោធបើកនៅថ្ងៃដដែល អង្គការឧតុនិយមពិភពលោកបានប្រកាសរបាយការណ៍ថា អនុលោកមតាមទិន្នន័យក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២១បានឱ្យដឹងថា ៧ឆ្នាំចុងក្រោយនេះនឹងក្លាយទៅជា៧ឆ្នាំក្តៅបំផុតចាប់តាំងពីមានកំណត់ត្រាមក។ ទិន្នន័យបានបង្ហាញឱ្យឃើញទៀតថា ភាពខាប់នៃឧស្ម័នពីផ្ទះកញ្ចក់ក្នុងឆ្នាំ២០២០ បានឡើងដល់កម្រិតខ្ពស់បំផុត ប៉ុន្តែនៅឆ្នាំ២០២១ ភាពខាប់នៅតែកើនឡើងជាបន្តបន្ទាប់ដដែល។

“ពហុភាគីនិយមជាមធ្យោបាយល្អ” សំណើរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានផ្តល់ក្រមមូលដ្ឋានសម្រាប់ឱ្យពិភពលោក ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ ដូច្នេះ បណ្តាភាគីនានាគួរតែគោរពតាម «អនុសញ្ញាសី្តពីបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងប៉ារីស» ប្រកាន់ខ្ជាប់ «គោលការណ៍ស្តីពីទំនួលខុសត្រូវរួម តែមានលក្ខណៈផ្សេងគ្នា» ជាពិសេស ប្រទេសរីកលូតលាស់ មិនត្រឹមតែខ្លួនត្រូវធ្វើឱ្យបានច្រើនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវផ្តល់ការគាំទ្រកាន់តែល្អ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង នេះគឺជាគន្លឹះក្នុងការធ្វើឱ្យពិភពលោកទាំងមូល ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព។

តើការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ នឹងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឬអត់? លោក ស៊ី ជីនភីង បានលើកឡើងថា ត្រូវ “ពន្លឿនការផ្លាស់ប្តូរមន្តបែបបៃតង” ជំរុញការអភិវឌ្ឍបៃតងខាងសេដ្ឋកិច្ច និងសង្គមតាមរយៈការច្នៃប្រឌិតថ្មី។ សំណើនេះបានក្តាប់ជាប់នូវនិន្នាការជាទូទៅ នៃការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកទេសនាពេលបច្ចុប្បន្ននេះ ហើយក៏ជាការបូកសរុបបទពិសោធន៍របស់ចិន ដែលបានអនុវត្តដោយជោគជ័យនូវទស្សនៈស្តីពី “ភ្នំបៃតងទឹកស្អាត គឺជាភ្នំមាសភ្នំប្រាក់”

ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានជម្រុះចោល ម៉ាស៊ីនផ្សាយអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានភាពអន់ថយចំណុះ ១២០ លានគីឡូវ៉ាត់។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានដាក់ចេញគម្រោងការងារជាច្រើន និងវិធានការធានាជាច្រើន ដើម្បីបង្កបង្កើតជាប្រព័ន្ធគោលនយោបាយ សម្រាប់ការកាត់បន្ថយការបញ្ចេញការបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន “1បូកN”។ ក្រៅពីនេះ ប្រទេសចិនក៏បានសន្យាថា នឹងលែងសាងសង់គម្រោងស្ថានីយអគ្គិសនី ដើរដោយធ្យូងថ្មនៅបរទេសទៀត។

នៅថ្ងៃទី២៨ ខែតុលា ប្រទេសចិនបានប្រគល់ជាផ្លូវការនូវឯកសារពីរ គឺ «ការអនុវត្តរបស់ចិនស្តីពីប្រសិទ្ធភាព នៃការរួមចំណែកដោយម្ចាស់ការ និងគោលដៅថ្មីនិងវិធានការថ្មី» និង «យុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់រយៈពេលយូរ នៃពាក់កណ្តាលសតវត្សរ៍នេះរបស់ចិន» ជូនលេខាធិការដ្ឋាននៃ «អនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ»។ លោកស្រី Patricia Espinosa លេខាធិការប្រតិបតិ្តនៃអនុញ្ញាបានលើកឡើងថា លោកស្រីមានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយប្រទេស G20 “ជាពិសេសគឺប្រទេសចិន ប្រទេសចិនមានឆន្ទៈយ៉ាងខ្លាំងក្លា ដើម្បីធ្វើតាមពាក្យសន្យារបស់ខ្លួន”

ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាការប្រឈមជាសកល ត្រូវពិភពលោកទាំងមូលធ្វើប្រតិបតិ្តការជាមួយគ្នា។ កុំនិយាយតែម៉ាត់ និងគ្រោងផែនការ តែគ្មានការអនុវត្តជាក់ស្តែង មានសកម្មភាពមួយល្អ ប្រសើរជាងមានផែនការតែពុំបានអនុវត្ត។ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ចំណុចសំខាន់គឺត្រូវមានប្រតិបតិ្តការជាក់ស្តែង៕