(សិង្ហបុរី)៖ បុគ្គលិករដ្ឋទាំងអស់នៅក្នុងប្រទេសសិង្ហបុរី ដែលជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ដោយមិនទទួលបានប្រាក់ឈ្នួលឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយកដ្ឋានសេវាកម្មសាធារណៈ (PSD) នៃប្រទេសសិង្ហបុរី បាននិយាយថាការសម្រេចចិត្តខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះថា មានតែបុគ្គលិកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ឬអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៧០ថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងធ្វើការវិញចាប់ពីឆ្នាំ២០២២ខាងមុខនេះតទៅ។

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA អ្នកនាំពាក្យ PSD បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ ខ្លួននឹងព្យាយាមធ្វើឱ្យអស់ពី សមត្ថភាព ដើម្បីអនុញ្ញាតឱ្យមន្រ្តីដែលមិនបានទទួលការចាក់វ៉ាក់សាំង អាចធ្វើការពីផ្ទះបាន ប្រសិនបើការងារនោះអនុញ្ញាត»

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «បើមិនដូច្នេះទេ មន្រ្តីទាំងនេះ អាចនឹងត្រូវប្ដូរទៅកាន់ការងារផ្សេងទៀតដែលអាចធ្វើការពីផ្ទះបាន ប្រសិនបើការងារបែបនេះអាចរកបាន ជាមួយការទទួលប្រាក់ឈ្នួលដែលសមស្របនឹងទំនួលខុសត្រូវនៃការងារនោះ។ ប៉ុន្តែ ប្រសិនបើមន្ត្រីទាំងនេះ ជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំង ហើយបើពួកគាត់ មិនអាចប្ដូរការងារបានទេ គាត់អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារដោយមិនទទួលបានប្រាក់ឈ្នួលឡើយ ដែលវាគឺជាជាមធ្យោបាយចុងក្រោយហើយ»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ PSD ខ្លួនមានបុគ្គលិកប្រហែល ១៥៣,០០០នាក់ដែលកំពុងបំពេញការងារនៅទូទាំង ១៦ក្រសួង និងក្រុមប្រឹក្សាច្បាប់ជាង៥០ ហើយប្រហែល ៩៨ភាគរយនៃបុគ្គលិករបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ដែលនេះអាចនឹង «លើកទឹកចិត្តយ៉ាងខ្លាំង» ដល់បុគ្គលិកប្រហែល ២ភាគរយទៀត មកទទួលការចាក់វ៉ាក់សាំងដែរ ដើម្បីការពារខ្លួនពួកគេ និងគ្រួសារ ឬមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគេ៕