(នីកូស៊ី)៖ សមយុទ្ធហ្វឹកហាត់សង្រ្គោះបន្ទាន់ដែលមានការចូលរួមពីយោធាមកពីប្រទេសចំនួន៨ បានចាប់ផ្ដើមធ្វើឡើងហើយនៅឯតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសស៊ីប កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិស៊ីប លោក Charalambos Petrides ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Charalambos Petrides បានឱ្យដឹងទៀតថាសមយុទ្ធហ្វឹកហាត់ខាងលើមានឈ្មោះថា «Nemesi 2021» ដែលមានយោធាមកពី ប្រទេសចំនួន៨ចូលរួមមានដូចជា ស៊ីប, ក្រិក, អេហ្ស៊ីប, បារាំង, អ៉ីស្រាអែល, អ៉ីតាលី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ លោក Petrides បន្ថែមថាសមយុទ្ធនេះធ្វើឡើង នៅឯតំបន់ឆ្នេរនៃទីក្រុង Larnaca ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីប ក្នុងគោលបំណងបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហា ឬគ្រោះអាសន្នបន្ទាន់ក្នុងនោះរួមមានទាំង ប្រតិបត្តិការប្រឆាំងភេរវកម្ម, ស្វែងរក និងសង្រ្គោះជាដើម។

គួរបញ្ជាក់ថា បើតាមលោក Charalambos Petrides នេះជាសមយុទ្ធហ្វឹកហាត់ Nemesis លើកទី៨ជាប់ៗគ្នា ដែលមានមូលដ្ឋានចម្បងផ្តោតលើកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលពីបណ្ដាប្រទេសដែលចូលរួមក្នុងសមយុទ្ធនេះ៕