(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក ង អេង ហេន (Ng Eng Hen) បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែ «ស្ថិតនៅឲ្យឆ្ងាយមែនទែន» ពីការចូលទៅប្រឈមមុខដោយផ្ទាល់ជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ព្រោះថា «ការគណនាស្ថានការណ៍ខុស» អាចកើតមានឡើងគ្រប់ពេលវេលាទាំងអស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីខាងលើនេះ បានកើតមានឡើងនៅក្នុងឱកាស នៃវេទិកាសន្តិសុខ អាស្ពែន (ASF) ដែលកំពុងប្រារព្ធឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន។ វេទិកានេះ គឺជាសន្និសីទនយោបាយការបរទេស និងសន្តិសុខប្រចាំឆ្នាំមួយ ដែលមានមេដឹកនាំ និងតួអង្គសំខាន់ៗ ក្នុងសហគមន៍វិស័យការពារជាតិចូលរួម ហើយសិង្ហបុរីក៏បានបង្ហាញអំពីទស្សនវិស័យរបស់ខ្លួន នៅក្នុងកម្មវិធីនោះផងដែរ។

នៅក្នុងកិច្ចសន្ទនាជាមួយលោក ចូសិព សាមូអ៊ែល នីយេ (Joseph Samuel Nye Jr) សហប្រធានរៀបចំវេទិកាខាងលើ, លោក Ng Eng Hen បានឆ្លើយតបនឹងសំនួរអំពីការយល់ឃើញ ពាក់ព័ន្ធស្ថានការណ៍តានតឹងនៅកោះតៃវ៉ាន់ ដែលសហរដ្ឋអាមេរិកកំពុងលូកដៃនោះ យ៉ាងដូច្នេះថា «តៃវ៉ាន់មានភាពជ្រាលជ្រៅ នៃការដឹកនាំនយោបាយតាមច្បាប់របស់ខ្លួន ពីសំណាក់មេដឹកនាំគណបក្ស (កាន់អំណាច) និងស្ថិតក្នុងខ្សែបន្ទាត់ក្រហមដ៏ជ្រាលជ្រៅមួយ។ ខ្ញុំអាចគិតថា គ្មានសេណារីយ៉ូដែលបង្ហាញអំពីអ្នកឈ្នះនោះទេ ប្រសិនបើមានការប្រឈមមុខដាក់គ្នា ជាក់ស្តែងទៅលើបញ្ហាកោះតៃវ៉ាន់»

ហេតុដូច្នេះក្នុងនាមជារដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ដែលជាប្រទេសមួយនៅតំំបន់អាស៊ី លោក Ng Eng Hen បានណែនាំឲ្យអាមេរិក «ស្ថិតនៅឲ្យឆ្ងាយបំផុតពីបញ្ហានេះ»