(ប៉េកាំង)៖ ដើម្បីចូលរួមផ្សព្វផ្សាយពីកិច្ចប្រជុំ Glasgow នៃមហាសន្និបាតអាកាសធាតុរបស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិនបានដាក់ចេញកម្មវិធី «គំនិតផ្តួចផ្តើមស្តីពីប្រតិបតិ្តជាសកលឆ្នាំ២០២១»។ កម្មវិធីពិសេសចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២ខែវិច្ឆិកា។

កម្មវិធីពិសេសនេះមានរយៈពេល ៥ថ្ងៃ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនដូចជា ប្រធានាធិបតីសៀរ៉ាឡេអូន និងនាយករដ្ឋមន្រ្តីអ៊ីស្លង់ និងមន្ត្រីជាន់ខ្ពស់របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិជាច្រើនទៀត បានចូលរួមក្នុងកិច្ចពិភាក្សា។

លោក Sheng Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកម្មវិធី។ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានឆ្លើយតបសំណួរអំពីទំនួលខុសត្រូវរបស់ប្រទេសនានា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោក Sheng Haixiong បានថ្លែងថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ និងជាអ្នកអនុវត្តយ៉ាងសកម្មនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស»។ នៅលើពិភពលោកសព្វថ្ងៃនេះ វិបត្តិអាកាសធាតុបានបញ្ចេឡសារព្រមានហើយ ដូច្នេះការជំរុញការកសាងសហគមន៍រួមវាសនាតែមួយ នៃមនុស្សជាតិជារឿងកាន់តែបន្ទាន់។ ប្រព័ន្ធសារព័ត៌មានគួរតែទទួលខុសត្រូវ ក្នុងប្រតិបត្តិការអាកាសធាតុពិភពលោក។

កម្មវិធីពិសេស «គំនិតផ្តួចផ្តើមស្តីពីប្រតិបតិ្តការជាសកលឆ្នាំ២០២១» នឹងពិភាក្សាអំពីប្រធានបទដូចជា “ផលប៉ះពាល់ជាក់ស្តែងនៃបម្រែបម្រួលអាកាសធាតុ ទៅលើបរិស្ថានពិភពលោក” “សារៈសំខាន់និងការអភិវឌ្ឍជីវចម្រុះ” “ទំនួលខុសត្រូវផ្នែកអាកាសធាតុរបស់ប្រព័ន្ធសារព័ត៌មាន, ទំនួលខុសត្រូវ និងតួនាទីរបស់យុវជន” ជាដើម។ លើសពីនេះទៅទៀត នឹងចាក់បញ្ចាំងលើកដំបូងនូវភាពយន្តឯកសាររឿង «ខណៈម៉ោងសូន្យ» ស្តីពីបម្រែបម្រួលអាកាសធាតុផងដែរ៕