(ហ្សឺណែវ)៖ ទិន្នន័យចុងក្រោយបង្អស់របស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យឃើញថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងលើសពី ៥លាននាក់ហើយ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

គិតត្រឹមល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងហ្សឺណែវ) ករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជិត ២៤៧លានករណី ខណៈអ្នកស្លាប់ក៏បានកើនឡើងដល់ ៥,០០៤,៨៥៥នាក់ផងដែរ។ នេះបើតាមតាមទិន្នន័យ ដែលបូកសរុបដោយអង្គការសុខភាពពិភពលោក។

យោងតាម WHO ដដែល, សហរដ្ឋអាមេរិក គឺជាប្រទេសដែលបានកត់ត្រា នូវចំនួនករណីឆ្លង និងស្លាប់ខ្ពស់បំផុតលំដាប់លេខ ១ ដោយចំនួនអ្នកឆ្លងមានសរុប ៤៥.៦៨លានករណី (ស្មើនឹងជិត ១៨.៥ភាគរយ នៃចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងពិភពលោក) ខណៈចំនួនអ្នកស្លាប់វិញមានសរុប ៧៤០,៣៦៦នាក់ (ស្មើនឹង ១៤.៨ភាគរយនៃចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងពិភពលោក)។

ប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់ទី ២ គឺឥណ្ឌា ដែលបានកត់ត្រាករណីឆ្លងចំនួន ៣៤.២៩លានករណី ក៏ដូចជាអ្នកស្លាប់ចំនួន ៤៥៨,៨៨០នាក់ ខណៈប្រទេសប្រេស៊ីលស្ថិតនៅលេខរៀងទី ៣ ដែលបានកត់ត្រានូវករណីឆ្លងចំនួន ២១.៨១លានករណី និងអ្នកស្លាប់ចំនួន ៦០៧,៨២៤នាក់។ ករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសទាំង ៣ ខាងលើនេះបូកបញ្ចូលគ្នា គឺស្មើនឹងជាង «៤១ភាគរយ» នៃករណីឆ្លងសរុប និងប្រមាណ «៣៦ភាគរយ» នៃអ្នកស្លាប់សរុបនៅទូទាំងពិភពលោក៕