(កង់បេរ៉ា)៖ អគ្គរដ្ឋទូតបារាំងប្រចាំប្រទេសអូស្ត្រាលី លោក ហ្សង់ ព្យែរ ថេបូល (Jean-Pierre Thebault) បាននិយាយថារដ្ឋាភិបាលអូស្ត្រាលីបានកុហកបោកប្រាស់ នៅពេលសម្រេចចិត្តលុបចោលភ្លាមៗ នូវគម្រោងទិញនាវាមុជទឹកមានតម្លៃរាប់ពាន់លានដុល្លារជាមួយទីក្រុងប៉ារីស ដើម្បីស្រវាយកនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ្សង់ ព្យែរ ថេបូល ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីនៅថ្ងៃពុធនេះ។ លោក ព្យែរ ថេបូល បាន លើកឡើងដូច្នេះថា «ច្បាស់វាជាទង្វើបោកប្រាស់ដោយចេតនា... ដែលនេះមិនមែនជាទង្វើដែលត្រូវប្រព្រឹត្តដាក់សម្ព័ន្ធមិត្ត ដៃគូ និងប្រទេសជាមិត្តទាល់តែសោះ»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន, ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានចោទប្រកាន់ផងដែរថានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បាននិយាយ កុហកពាក់ព័ន្ធនឹងការលុបចោលការទិញនាវាមុជទឹកពីបារាំង។ យ៉ាងណាក៏ដោយ, លោក ម៉ូរីសុន បានច្រានចោលការចោទប្រកាន់នេះដោយពន្យល់ទៅកាន់លោកម៉ាក្រុង ថា «នាវាមុជទឹកធម្មតា» របស់បារាំងមិនអាចបំពេញតាមតម្រូវការផលប្រយោជន៍ដែលអូស្ត្រាលីត្រូវការនោះទេ។ ដូច្នេះហើយទើបរដ្ឋាភិបាលរបស់លោកសម្រេចចិត្ត ជ្រើសយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិកនៅក្រោមសម្ព័ន្ធភាព AUKUS៕