(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ត៍ ម៉ូរីសុន (Scott Morrison) បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) កាលពីចុងសប្តាហ៍មុននេះដែលថា លោកបាន «កុហកទាំងស្រុង» ចំពោះការលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីបារាំង ដែលមានតម្លៃប្រមាណ ៤០ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ដោយឡែកពីកិច្ចប្រជុំអាកាសធាតុអង្គការសហប្រជាជាតិ «COP26» នៅទីក្រុងក្លាសកូវ (Glasgow) និងកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម (Rome), លោក Morrison បានឆ្លើយតបទៅលោក Macron វិញថា អូស្ត្រាលីបានបង្ហាញពីតម្លាភាពជានិច្ច ជាមួយលោកប្រធានាធិបតីបារាំង ព្រោះនាវាមុជទឹកដើរដោយថាមពលឥន្ធនៈ (របស់បារាំង) មិនអាចមានសមត្ថភាពបំពេញតាមតម្រូវការ របស់ប្រទេសអូស្ត្រាលីបាននោះឡើយ។

លោក Morrison បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានអម្រែកជាច្រើននៅលើស្មា តែខ្ញុំអាចរែកពន់វាបាន... ខ្ញុំអាចដោះស្រាយចំពោះ ការចោទប្រកាន់នានាដាក់ខ្ញុំ... ប៉ុន្តែអូស្ត្រាលីត្រូវតែមាន កំណត់ត្រាប្រកបដោយមោទនភាព នៅពេលយើងនិយាយអំពីសមត្ថភាព នៃវិស័យការពារជាតិរបស់យើង»

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរដោយ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា តើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison មិនគួរឲ្យទុកដែរឬមួយក៏យ៉ាងណា នៅក្នុងកិច្ចសន្យា (ទិញនាវាមុជទឹក) ជាលក្ខណៈឯកជន? ប្រធានាធិបតីបារាំង លោក Macron បានឆ្លើយតបវិញថា «ខ្ញុំមិននឹកស្មានដល់ទេ... ខ្ញុំដឹង...»

លោក Macron បានថ្លែងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកលោកទាំងស្រុង ជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក-នុយក្លេអ៊ែរ ដែលត្រូវបានលុបចោលវិញ ដោយសារតែកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS បានធានាឲ្យអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក និងអង់គ្លេស៕