(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី១៩ នឹងបើកធ្វើពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនៅក្រុងប៉េកាំង។ របៀបវារៈសំខាន់ក្នុងកិច្ចប្រជុំពេញអង្គលើកនេះ គឺធ្វើការសិក្សាស្រាវជ្រាវជាសំខាន់និងបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបទពិសោធន៍ ក្នុងប្រវតិ្តសាស្ត្រតស៊ូព្យាយាមរបស់បក្សកុម្មុយនិស្តចិនក្នុងរយៈពេលមួយរយឆ្នាំកន្លងមក។

កិច្ចប្រជុំពេញអង្គលើកនេះជាកិច្ចប្រជុំមានសារៈសំខាន់ប្រកបដោយលក្ខណៈទូទៅនិងលក្ខណៈជាប្រវតិ្តសាស្ត្រមួយលើក។ ក្នុងកិច្ចប្រជុំពេញអង្គលើកនេះនឹងពិនិត្យ ពិភាក្សានូវ «សេចកី្តសម្រេចចិត្តរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបទពិសោធន៍ក្នុងប្រវតិ្តសាស្ត្រតស៊ូព្យាយាមក្នុងរយៈពេលមួយរយឆ្នាំ កន្លងមក»។ អ្នកវិភាគបានសម្គាល់ឃើញថាសេចកី្តសម្រេចចិត្តនេះនឹងក្លាយជាឯកសារនយោបាយដ៏សំខាន់មួយច្បាប់ដែលនឹងបូកសរុបថា «តើបក្សកុម្មុយនិស្តចិន យល់ឃើញយ៉ាងម៉េចចំពោះដំណើរតស៊ូព្យាយាមរបស់ខ្លួនក្នុងរយៈពេលមួយរយឆ្នាំកន្លងមក ហើយនឹងបន្តអភិវឌ្ឍក្នុងរយៈពេលមួយរយឆ្នាំនៅពេលអនាគតតាម របៀបណា?»

ដូច្នេះ «ការចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន» នឹងក្លាយជាខ្លឹមសារសំខាន់ក្នុងកិច្ចប្រជុំពេញអង្គលើកនេះ។ ឆ្នាំនេះជាខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន ចាប់តាំងពី បក្សកុម្មុយនិស្តចិនត្រូវបានបង្កើតឡើងមក ក៏បានចាត់ទុកការស្វែងរកសុខសុភមង្គលជូនដល់ប្រជាជន និងការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិនឡើងវិញ ជាគោលបំណងដើមនិងបេសកកម្មរបស់ខ្លួន។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនសាមគ្គីគ្នា និងដឹកនាំប្រជាជនចិនបានចារឹកជាប្រវតិ្តសាស្ត្រដ៏មហិមា ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន។

ផ្លូវដ៏មហិមា បុព្វហេតុដ៏មហិមានិងសមិទ្ធផលដ៏មហិមាដែលប្រទេសចិនបានត្រួសត្រាយក្នុងរយៈពេល១០០ឆ្នាំកន្លងមក ពិតជានឹងចារឹកក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍របស់ ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃអរិយធម៌របស់មនុស្សជាតិជាមិនខាន។ សមិទ្ធផលដ៏មហិមារបស់ប្រទេសចិនដែលទទួលបានក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិន ក៏ទទួលបានការទទួលស្គាល់ជាទូទៅនិងការវាយតម្លៃខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិផងដែរ។ លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម័្ពន្ធសង្គមស៊ីវិលកម្ពុជាបានសម្គាល់ឃើញថា «ចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ២០២១ បក្សកុម្មុយនិស្តចិនបានឆ្លងកាត់ដំណើរអភិវឌ្ឍន៍អស់រយៈ មួយរយឆ្នាំ។

ប្រវត្តិសាស្ត្របានបញ្ជាក់ថាបក្សកុម្មុយនិស្តចិនគឺជាបក្សកាន់អំណាចដែលសមស្របនឹងប្រទេសចិនបំផុត។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេល មួយរយឆ្នាំកន្លងមក ប្រទេសចិនបានសម្រេចបាននូវឯករាជ្យភាពនិងភាពរុងរឿងរបស់ប្រជាជាតិដែលបានក្លាយជាប្រទេសធំមួយដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើ ពិភពលោក»។ លោក Lukashenko ប្រធានាធិបតីបេឡារុសបានថ្លែងថាបក្សកុម្មុយនិស្តចិនបានយកគំនិតកុម្មុយនិស្តនិយមផ្សារភ្ជាប់ជាមួយការអនុវត្តបដិវត្តន៍ជាក់ស្តែង របស់ប្រទេសចិន បានអនុវត្តគោលនយោបាយកំណែទម្រង់សង្គមនិយមប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិនក្លាយជាប្រទេសខ្លាំងក្លាដែលមាន ភាពរុងរឿង។

លោកស្រី ហូវម៉ាន់ ប្រធានគណបក្សពលករនៃប្រទេសប្រេស៊ីលសម្គាល់ឃើញថា ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បាង ខិតខំប្រឹងប្រែងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយបានបង្កើតជាគំរូល្អ លើពិភពលោកទាំងមូល។ លោក អាប៉ាស់ ប្រធានាធិបតីប៉ាឡេស្ទីន និងជាប្រធានគណៈកម្មាធិការប្រតិបតិ្តនៃអង្គការរំដោះប៉ាឡេស្ទីនបានថ្លែងថាក្រោមការដឹកនាំរបស់ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រទេសចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើវិស័យអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចកវិទ្យាខ្ពស់ ប្រទេសចិនក៏បានគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ដោយឡែក គំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់ និងផ្លូវ» ដែលលើកឡើងដោយលោកស៊ីជីនភីងបាននាំមកនូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ- ឈ្នះដល់បណ្តាភាគីនានា។ ប្រវត្តិសាស្ត្រហាក់ដូចជាកញ្ចក់ ក្នុងរយៈពេលមួយរយឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តចិនបានផ្តល់ដល់ប្រវត្តិសាស្រ្តនូវ ចម្លើយដ៏ល្អប្រសើរដែលធ្វើអោយប្រជាជនពេញចិត្ត។ បច្ចុប្បន្ននេះ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិន ចាប់ផ្តើមធ្វើដំណើរថ្មីដើម្បីសម្រេចបាននូវគោលដៅ តស៊ូព្យាយាមរយៈពេលមួយរយឆ្នាំទីពីរ។

ក្នុងដំណើរថ្មីនេះ បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងកាន់តែមានជំនឿចិត្តលើខ្លួនឯង កាន់តែមានភាពមុតមាំ ហើយចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀនដើម្បីដើរឱ្យបាន កាន់តែឆ្ងាយនិងកាន់តែរឹងមាំ!