(វ៉ាស៉ីនតោន)៖ កងទ័ពជើងអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់ខ្លួន ដែលបានរងការខូចខាតធ្ងន់ធ្ងរ នៅតំបន់សមុទ្រចិនខាងត្បូង កាលពីខែតុលាកន្លងទៅ គឺតាមពិតបានបុកជាមួយ ភ្នំក្រោមបាតសមុទ្រ ដែលមិនមាននៅក្នុងផែនទី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការស៉ើបអង្កេតល្អិតល្អន់ កងអង្គភាពយោធាជើងទឹកអាមេរិក ដែលធ្វើប្រតិបត្តិការនៅ តំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៉ីហ្វិក បានចេញរបាយការណ៍បញ្ជាក់ថា នាវាមុជទឹក-នុយក្លេអ៊ែរ USS Connecticut (ខុនណិកធីខាត់) បានប៉ះទង្គិចជាមួយភ្នំក្រោមបាតសមុទ្រមួយ ពេលធ្វើដំណើរនៅសមុទ្រចិនខាងត្បូង កាលពីខែមុន។

គួរបញ្ជាក់ថា ភ្លាមៗក្រោយពេលកើតហេតុ ប្រទេសចិនក៏បានចេញមុខទាមទារឲ្យមាន ការបកស្រាយច្បាស់លាស់ពីខាងអាមេរិកផងដែរ។ ពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បាននិយាយថា សហរដ្ឋអាមេរិកគួរតែបង្ហាញឥរិយាបថ ដែលមានភាពទទួលខុសត្រូវ ហើយផ្តល់ការបកស្រាយលម្អិត នៃហេតុការណ៍នេះឲ្យបានឆាប់ ដើម្បីឆ្លើយតបចំពោះក្តីបារម្ភ នៃបណ្តាប្រទេសនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ៕