(យូអិន)៖ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការនៅប្រទេសស៊ូដង់ (Sudan) លោក វ៉ុលកឺ ភើស (Volker Perthes) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើន កំពុងដំណើរការទៅមុខហើយ ដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសស៊ូដង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Volker Perthes បានថ្លែងពីរដ្ឋធានីខាទុំ (Khartoum) ប្រទេសស៊ូដង់ថា បន្ទាប់ពីយោធាបានឡើងកាន់កាប់អំណាច ស្ថានភាពនៅក្នុងប្រទេសស៊ូដង់គឺ «មានស្ថិរភាពធម្មតាទេ ប៉ុន្តែវាមានភាពតឹងតែងខ្លាំងបន្តិច»។ កងទ័ពស៊ូដង់បានរំលាយរដ្ឋាភិបាលអន្តរកាល, បែងចែកអំណាច, ហើយបានចាប់ឃុំខ្លួននាយករដ្ឋមន្ត្រីស៉ីវិល លោក អាប់ដាលឡា ហាំដុក (Abdalla Hamdok) និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ។

លោក Volker Perthes បានថ្លែងបន្ថែមទៀតថា «ដៃគូសន្ទនាជាច្រើននៅរដ្ឋធានី Khartoum កំពុងបង្ហាញពីបំណងប្រាថ្នាយ៉ាងមុតមាំថា យើងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដើម្បីងើបចេញពីវិបត្តិ ហើយត្រលប់ទៅរកជំហាននៃភាពធម្មតាវិញ និងជំហាននៃការផ្លាស់ប្តូរនយោបាយ ដូចស្ថានភាពកាលពីមុនថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ ដោយឈរលើមូលដ្ឋាននៃសេចក្តី ប្រកាសរដ្ឋធម្មនុញ្ញ។ ដើម្បីដោះស្រាយវិបត្តិ កិច្ចចរចាជាច្រើនកំពុងដំណើរការនៅរដ្ឋធានី Khartoum ហើយ»

លោក Volker Perthes បាននិយាយបន្ថែមថា «យើងកំពុងចូលរួមជាមួយប្រជាជនស៊ូដង់ទាំងអស់ នៅក្នុងធ្វើអន្តរកាលនយោបាយដ៏ទូលំទូលាយមួយ» ហើយក៏បានទាក់ទងជាមួយបណ្ដាប្រទេសនានា ដូចជាប្រទេសអារ៉ាប់រួម (UAE) និងប្រជាជាតិនានានៅខាងក្រៅតំបន់ រួមទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិផងដែរ៕