(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានរាយការណ៍ឱ្យដឹងថារដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយរយៈពេល នៃការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរធុរកិច្ចពីរយៈពេល ១០ថ្ងៃទៅរយៈពេល ០៣ថ្ងៃវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមទូរទស្សន៍ជប៉ុន NHK ការបន្ធូរបន្ថយខាងលើនេះ អាចត្រូវបានចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះតទៅ។ លើសពីនេះ រដ្ឋាភិបាល ជប៉ុន ក៏គ្រោងនឹងទទួលស្វាគមន៍អ្នកដំណើរចូលមកតាមព្រំដែនប្រចាំថ្ងៃនូវចំនួនដ៏ធំមួយផងដែរគឺពីចំនួន ៣,៥០០ នាក់ រហូតដល់៥,០០០នាក់ នៅ ចុងខែវិច្ឆិកានេះ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃសម្រាប់អ្នកធ្វើដំណើរដោយមិនគិតពីស្ថានភាពនៃការចាក់ វ៉ាក់សាំងឡើយ។ រយៈពេលនេះត្រូវបានកាត់បន្ថយពីរយៈពេល ១៤ថ្ងៃ កាលពីខែមុន៕