(ក្លាសកូវ)៖ ចំពោះមុខកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26» របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ដែលមានវត្តមានក្នុងកិច្ចប្រជុំ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការថ្លែងរបស់លោក ចូ បៃដិន ខាងលើនេះ គឺចង់សំដៅទៅលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានធ្វើឡើងជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ជាការប៉ះប៉ូវមកវិញ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដែលជាតួអង្គសំខាន់បំផុត នៅក្នុងគោលដៅនេះ, លោក ចូ បៃដិន បានសន្យាកាត់់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បន្ថែមទៀត។

លោក ចូ បៃដិន បានថ្លែងចំពោះមុខកិច្ចប្រជុំកំពូល COP26 យ៉ាងដូច្នេះថា «ខ្ញុំគិតថាខ្ញុំមិនគួរសុំទោសទេ... ប៉ុន្តែខ្ញុំពិតជាសូមអភ័យទោស ចំពោះការពិតដែលថា រដ្ឋបាលមុនរបស់សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាហេតុជំរុញឲ្យដំណើរការទាំងមូល ត្រូវបានបង្អាក់បន្តិច... ដោយហេតុនេះហើយ ទើបការចេញសកម្មភាពដំបូងរបស់ខ្ញុំ ក្នុងការចូលកាន់តំណែងកាលពីខែ មករា នោះគឺត្រូវចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ...»

គួរបញ្ជាក់ថា កាលពីអំលុងពាក់កណ្តាលឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងដោយលំបាក កាលពីសម័យនៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ ការដកខ្លួនចេញនោះ គឺស្ថិតក្នុងការហេតុផលដែលលោក ត្រាំ ផ្ទាល់បានអះអាងថា វាជាកិច្ចព្រមព្រៀងដែលនាំឲ្យសហរដ្ឋអាមេរិកចាញ់ប្រៀបគេ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ព្រោះតែការសម្លាប់ការងារពលរដ្ឋអាមេរិក។

ទោះជាយ៉ាងណា នៅក្នុងសម័យកាលដឹកនាំប្រទេសរបស់លោក ចូ បៃដិន ប្រធានាធិបតីរូបនេះបានសន្យាថា ការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មានតែនឹងជំរុញឲ្យសេដ្ឋកិច្ចរីកចម្រើន មិនមែនរងផលប៉ះពាល់នោះទេ។ លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា រដ្ឋបាលដឹកនាំរបស់លោកគឺ «នឹងបញ្ចេញសកម្មភាព មិនមែនតែពាក្យសម្តីនោះទេ»