(កាប៊ុល)៖ មេដឹកនាំកំពូលតាលីបង់ លោក ហៃបាតុលឡោះ អាឃុនហ្សាដា (Haibatullah Akhundzada) បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបំផុតមិនធ្លាប់ មាន តាមរយៈការថ្លែងសារមួយទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុង Kandahar ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមក្រុមមន្ត្រីតាលីបង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១។

លោក Haibatullah Akhundzada បានក្លាយជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែព័ត៌មាន និងទីកន្លែងលោកស្នាក់នៅមានការ លាក់ការសម្ងាត់ខ្ពស់ បើទោះជាក្រុមតាលីបង់បានឡើងកាន់អំណាចសាជាថ្មី នៅអាហ្វហ្កានីស្ថានក៏ដោយ។ ដោយសារតែ ការលាក់បាំងព័ត៌មាននេះឯងបានបង្កឱ្យ មានការសង្ស័យជាច្រើនថាលោកបានស្លាប់បាត់ទៅហើយ។

ប៉ុន្តែ បើតាមក្រុមមន្ត្រីតាលីបង់ លោក Akhundzada បានបង្ហាញវត្តមានជាសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យមួយមាន ឈ្មោះថា ដារុល អ៊ូលូម ហាគីម៉ាស់ (Darul Uloom Hakimah) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រ ជាពិសេសគឺទាហានតែម្ដង។ ពិធីសំណេះសំណាលនេះត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងដោយមិនឱ្យមានការថតរូប ឬវីដេអូឡើយ។ សារសំឡេងថ្លែងសាររបស់លោក Akhundzada ត្រូវបានចែកចាយនៅលើ បណ្ដាញទំនាក់ទំនងសង្គមរបស់ក្រុមតាលីបង់៕