(រ៉ូម)៖ នៅថ្ងៃសៅរ៍នេះ បណ្តាមេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន ឬ G20 បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ដែលកំពុងរៀបចំឡើង នៅទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។

វាគឺជាជំនួបទល់មុខគ្នាផ្ទាល់លើកដំបូងហើយ រវាងមេដឹកនាំ G20 ក្នុងរយៈពេល២ឆ្នាំមកនេះ ក្រោយជំងឺឆ្លងដ៏កាចសាហាវ COVID-19 បានរីករាលដាល នៅទូទាំងពិភពលោក។ ខណៈមេដឹកនាំសមាជិកជាច្រើន បានធ្វើដំណើរមកចូលរួមដោយផ្ទាល់ រួមមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជាដើម ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តចូលរួមត្រឹមតាមប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា របៀបវារៈសំខាន់បំផុតនៃកិច្ចប្រជុំខាងលើ គឺការប្រែប្រួលអាកាសធាតុ, វិបត្តិ COVID-19 និងការស្តារសេដ្ឋកិច្ចពិភពលោក។ អ៉ីតាលីបានដាក់ពង្រាយកម្លាំងប៉ូលិសប្រមាណ ៦,០០០នាក់ និងទាហានប្រហែល ៥០០នាក់ នៅទីក្រុងរ៉ូម ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ កំលុងកិច្ចប្រជុំ៕