(ប៉េកាំង)៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៦ ខែតុលា ដោយអះអាងថា "គាំទ្រតៃវ៉ាន់ឱ្យចូលរួមយ៉ាងសកម្ម និងប្រកបដោយអត្ថន័យ ទៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ"។ ប៉ុន្តែនៅថ្ងៃទី ២៥ ខែតុលា គឺជាខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ អាមេរិកបានជ្រើសរើសយកពេលវេលានេះ ទៅឃោសនាបំប៉ោងយ៉ាងគឃ្លើនពីឋានៈរបស់តំបន់តៃវ៉ាន់ ក្នុងអង្គការសហប្រជាជាតិ នេះគឺជាការបំពានយ៉ាងកម្រោល ទៅលើគោលការណ៍ប្រទេសចិនតែមួយ! ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើខ្សែបន្ទាត់ក្រហមរបស់ប្រជាជនចិន ចំនួនជាង ១,៤០០លាននាក់ផងដែរ!។

អង្គការសហប្រជាជាតិជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាល ដែលមានតែប្រទេសមានអធិបតេយ្យភាពអាចចូលរួម។ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ តំបន់តៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន ប្រសិនបើតៃវ៉ាន់ចង់ចូលរួមសកម្មភាពនៃអង្គការអន្តរជាតិ នោះចាំបាច់ត្រូវប្រព្រឹត្តិទៅតាមគោលការណ៍ចិនតែមួយ។ នេះបានបង្ហាញថា គោលការណ៍ចិនតែមួយ គឺជាគំនិតឯកភាពរួមលើផ្ទៃអន្តរជាតិ ដែលមិនអនុញ្ញាតឱ្យបំពានជាដាច់ខាត។ ទង្វើរបស់អាមេរិកបែបនេះ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ប្រទេសចិនតែមួយ និងសេចក្តីប្រកាសរួម ៣ ច្បាប់រវាងចិន និងអាមេរិក ដែលបានរំលោភបំពាន់សណ្តាប់ធ្នាប់ និងក្បួនច្បាប់អន្តរជាតិបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២។

អាមេរិកក៏បានចោទជាមន្ទិលសង្ស័យ ក្នុងសេចក្តីថ្លែងការណ៍នេះថា ហេតុអ្វីបានជាតៃវ៉ាន់មិនអាចចូលរួម មហាសន្និបាតអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងមហាសន្និបាតសុខភាពពិភពលោក។ សូមយកមហាសន្និបាតសុខភាពពិភពលោក ធ្វើជាឧទាហរណ៍ក្នុងអំឡុងពេលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ តំបន់តៃវ៉ាន់ធ្លាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោក ក្នុងនាមជា "ចិនតៃប៉ិ" និងជាអ្នកសង្កេតការណ៍ នេះគឺជាការរៀបចំចាត់ចែងពិសេស តាមរយៈការពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋាន ដែលត្រើយទាំងសងខាងច្រកសមុទ្រសុទ្ធតែប្រកាន់ខ្ជាប់នូវ "មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែកញ្ញា" ដែលបានបង្ហាញឱ្យឃើញនូវគោលការណ៍ចិនតែមួយ។ យ៉ាងណាមិញ ចាប់តាំងពីបានឡើងកាន់អំណាចនាឆ្នាំ ២០១៦ មក បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ បានបដិសេធមិនទទួលស្គាល់ "មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែកញ្ញា" នោះទេ ហើយប៉ុនប៉ងចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យយ៉ាងរឹងរូស។ ដូច្នេះ មូលដ្ឋាននយោបាយនៃការចូលរួមសកម្មភាពរបស់ស្ថាប័នអន្តរជាតិពហុភាគី របស់តំបន់តៃវ៉ាន់បានរលាយសាបសូន្យរួចហើយ។

ទោះយ៉ាងនេះក្តី បច្ចុប្បន្ននេះ មធ្យោបាយទទួលបានព័ត៌មានពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៅតែមានភាពរលូន ហើយក៏មានភាពងាយស្រួល ក្នុងការធ្វើអាកាសចរណ៍ជាមួយទីក្រុងជាច្រើន នៅលើពិភពលោកផងដែរ។ ក្នុងបុរេលក្ខខណ្ឌនៃគោលការណ៍ប្រទេសចិនតែមួយ អ្នកជំនាញផ្នែកព្យាបាលជំងឺនិងសុខាភិបាលរបស់តំបន់តៃវ៉ាន់ អាចចូលរួមកិច្ចប្រជុំបច្ចេកទេស ពាក់ព័ន្ធរបស់អង្គការសុខាភាពពិភាពលោក។ ដូច្នេះ អាចនិយាយបានថា មធ្យោបាយទទួលបានព័ត៌មានអំពីសុខាភិបាល និងសុខភាពសាធារណៈ គឺមានភាពរលូន។

ការប៉ុនប៉ងរបស់អាមេរិកស្តីពីការប្រើតៃវ៉ាន់ជាសន្លឹកបៀ គឺច្បាស់លាស់ណាស់ ពោលគឺលេងកលល្បិចដែលប៉ុនប៉ងទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។ ប៉ុន្តែ គោលជំហររបស់ចិនមានភាពមុតមាំបំផុត ពោលគឺ តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន នេះជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។ នៅចំពោះមុខប្រជាជនចិន ដែលមានភាពខ្លាំងក្លា និងសាមគ្គីគ្នា រាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសចិន នឹងមិនអាចសម្រេចបានជាដាច់ខាត។ ប្រសិនបើមនុស្សមួយចំនួនរបស់អាមេរិក ចង់ប្រព្រឹត្តិទៅផ្ទុយនឹងនិន្នាការ នោះមុខជានឹងត្រូវបរាជ័យនៅចំពោះមុខមហាកំពែងដែកថែប ដែលបង្កើតឡើងដោយសាច់ឈាមរបស់ប្រជាជនចិនចំនួនជាង ១,៤០០លាននាក់ជាមិនខាន!៕