(អឺរ៉ុប)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចឈានមុខគេ ហៅកាត់ថា G20 នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំងពីរបាននិយាយអំពីការប្រេះឆាគ្នា រវាងទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងប៉ារីស ជុំវិញកិច្ចព្រមព្រៀងសន្តិសុខសហរដ្ឋអាមេរិក ជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី (AUKUS) ដោយនិយាយថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺជាទង្វើ «ឆ្គាំឆ្គង»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។

លោក ចូ បៃដិន បាននិយាយថា «ខ្ញុំគិតថាអ្វីដែលបានកើតឡើង... បើប្រើឃ្លាជាភាសាអង់គ្លេសវិញ... អ្វីដែលយើងបានធ្វើគឺ ឆ្គាំឆ្គង។ វាមិនត្រូវបានធ្វើដោយភាពសមរម្យច្រើននោះទេ»

ខណៈកំពុងនិយាយទៅកាន់អ្នកកាសែត Financial Times នៅថ្ងៃដដែលនោះ លោក Macron ក៏បានចោទសួរអំពី «ភាពជឿជាក់» របស់ចក្រភពអង់គ្លេស ហើយបានចោទប្រកាន់ថា អង់គ្លេសចង់ផ្លាស់ប្តូរផ្នែកខ្លះនៃសន្ធិសញ្ញា ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ជុំវិញសិទ្ធិនេសាទ និងប្រធានបទផ្សេងទៀត។ លោក Macron បាននិយាយថា ប្រទេសផ្សេងៗទៀតកំពុងឃ្លាំមើលយ៉ាងដិតដល់ នៅពេលដែលចក្រភពអង់គ្លេស បានប៉ះទង្គិចជាមួយបារាំង និងសហភាពអឺរ៉ុប បន្ទាប់ពីការចាកចេញរបស់ខ្លួនពីប្លុកនេះ។

គួរបញ្ជាក់ថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺនៅតែបង្ហាញឲ្យឃើញបញ្ហានៅឡើយ បន្ទាប់ពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានបែរខ្នងដាក់អឺរ៉ុប ហើយចូលមកដល់រដ្ឋបាលរបស់លោក ចូ បៃដិន ដែលបានបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS។ កិច្ចព្រមព្រៀង AUKUS ធ្វើឲ្យបារាំងក្លាយជាអ្នកខាតបង់ធ្ងន់ធ្ងរ ហើយសហភាពអឺរ៉ុបទាំងមូល បានប្រកាសជំហរគាំទ្របារាំងជុំវិញរឿងនេះ៕