(វ៉ាស៊ីនតោន)៖ ទីបំផុតនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានអនុម័តឲ្យប្រើប្រាស់ហើយ នូវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ប៉ុន្តែពួកគេម្នាក់ៗត្រូវទទួលការចាក់ ដោយមានកម្រិតតិចជាងមនុស្សធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ដើម្បីឲ្យវ៉ាក់សាំង Pfizer ខាងលើនេះ អាចប្រើប្រាស់ទៅលើកុមារ ក្នុងពេលឆាប់ៗខាងមុខ។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិក នឹងចេញសេចក្តីណែនាំបន្ត ដើម្បីពន្យល់អំពីរបៀបដែលវ៉ាក់សាំងនេះ នឹងត្រូវចាក់ឲ្យកុមារស្ថិតក្នុងក្រុមអាយុខាងលើ ហើយវានឹងកើតឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

គួរបញ្ជាក់តាមក្រុមហ៊ុន Pfizer បានបង្ហើបឲ្យដឹងថា ខ្លួនកំពុងត្រៀមរៀបចំដឹកជញ្ជូន វ៉ាក់សាំងប ង្ការជំងឺ COVID-19 ទៅកាន់ឱសថស្ថាន, ការិយាល័យចាកវ៉ាក់សាំង និងកន្លែងផ្តល់សេវាចាក់វ៉ាក់សាំងនានា នៅទូទាំងប្រទេសនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ FDA បានរំពឹងទុកថា កុមារអាមេរិកយ៉ាងហោចណាស់ ២៨លាននាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំង ហើយពួកគេភាគច្រើននឹងត្រលប់ទៅសិក្សា នៅក្នុងសាលារៀនឡើងវិញ។

សម្រាប់កម្រិតវ៉ាក់សាំង Pfizer ដែលនឹងត្រូវចាក់ឲ្យក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ គឺចំនួន «១០ក្រាម» ដែលតិចជាកម្រិតនៃការចាក់ឲ្យមនុស្សអាយុ ១២ឆ្នាំឡើងទៅ ដែលមានកម្រិត «៣០ក្រាម»។ ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer នៅពលនេះ គឺក្រោយពីក្រុមទីប្រឹក្សារបស់ FDA បានពិនិត្យឃើញថា អត្ថប្រយោជន៍របស់វ៉ាក់សាំងនេះ មានច្រើនលើសលប់លើហានិភ័យ៕