(ហ្សឺណែវ)៖ លោក Tedros Adhanom Ghebreyesus ដែលបានដឹកនាំការឆ្លើយតបជាសកលចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទំនងនឹងកាន់តំណែងជាប្រធានអង្គការសុខភាពពិភពលោក (WHO) សម្រាប់អាណត្តិទី២ រយៈពេលប្រាំឆ្នាំទៀត បន្ទាប់ពីបានក្លាយជាបេក្ខជនតែមួយគត់ដែលត្រូវបានតែងតាំងដោយ ២៨ប្រទេស/តំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

លោក Tedros ដែលជាអតីតរដ្ឋមន្ត្រីសុខាភិបាល និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសអេត្យូពី បានជាប់ឆ្នោតក្លាយជាអគ្គនាយក WHO អាហ្វ្រិកដំបូងគេកាលពីខែឧសភា ឆ្នាំ ២០១៧។

លោក Tedros បានទាក់ទាញការគាំទ្រពីប្រទេសបារាំង អាល្លឺម៉ង់ និងក្នុងចំណោមសមាជិកសហភាពអឺរ៉ុបផ្សេងទៀត និងប្រទេសអាហ្រ្វិកចំនួនបីគឺ Botswana, Kenya និង Rwanda ខណៈប្រទេសអង់គ្លេស ចិន រុស្សី និងអាមេរិក មិនស្ថិតក្នុងចំណោមនោះទេ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «WHO អាចប្រកាសថារដ្ឋជាសមាជិកបានស្នើបេក្ខជនតែម្នាក់គត់ គិតត្រឹមថ្ងៃផុតកំណត់នៃថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ គឺលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកបច្ចុប្បន្ន»

គួរបញ្ជាក់ថា លោក Tedros បានដឹកនាំការឆ្លើយតបជាសកលចំពោះជំងឺកូវីដ១៩ ដែលជាវិបត្តិសុខភាពសាធារណៈដ៏អាក្រក់បំផុតសម្រាប់សតវត្ស ដែលបានផ្ទុះឡើងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ២០១៩ និងបានសម្លាប់មនុស្ស ៥.២លាននាក់។

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់លោកថា «លម្អៀងទៅប្រទេសចិន»។ ប៉ុន្តែទំនាក់ទំនងមានភាពកក់ក្តៅឡើងវិញ ចាប់តាំងពីរដ្ឋបាលរបស់លោក Joe Biden ចូលកាន់តំណែងក្នុងខែមករា។

ប៉ុន្តែលោក Tedros បានរំខានប្រទេសចិនជាមួយការអំពាវនាវជាសាធារណៈកាលពីខែកក្កដា ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងចែករំលែកការត្រួតពិនិត្យមន្ទីរពិសោធន៍ Wuhan និងផ្តល់ទិន្នន័យបន្ថែមទៀតអំពីករណីកូវីដ១៩ ដំបូង៕