(អាល្លឺម៉ង់)៖ រដ្ឋាភិបាលក្រុមតាលីបង់បានអំពាវនាវឱ្យអន្តរជាតិបញ្ចេញលុយរាប់ពាន់លានដុលា្លររបស់ធនាគារកណ្ដាល់របស់អាហ្វហ្កានីស្ថាន ដែលត្រូវបានបង្កក ខណៈប្រទេសមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច, គ្រោះទុរភិក្ស និងវិបត្តិជនភៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលតាលីបង់ លោក អះម៉ាត់ វ៉ាលី ហាកម៉ាល់ (Ahmad Wali Haqmal) បានគូសបញ្ជាក់ដូច្នេះថា «លុយទាំងនោះគឺជាកម្មសិទ្ធិរបស់ប្រជាជាតិអាហ្វហ្កានីស្ថាន។ ដូច្នេះឱ្យលុយរបស់ពួកយើងមកយើងវិញ ព្រោះថាការបង្កកទ្រព្យសម្បត្តិ នេះគឺជាទង្វើគ្មានក្រមសីលធម៌ និងប្រឆាំងច្បាប់អន្តរជាតិ រួមទាំងគុណតម្លៃ»

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថានបានតម្កល់ទុកលុយរាប់ពាន់លានដុល្លារ និងទ្រព្យសម្បត្តិនៅឯក្រៅប្រទេសជាមួយធនាគារកណ្ដាលអាមេរិក និងធនាកណ្ដាលដទៃ ទៀតក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែ លុយ និងទ្រព្យសម្បត្តិទាំងនោះត្រូវបានបង្កក ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថានកាលពីខែសីហា ឆ្នាំ២០២១នេះមក៕