(បាងកក)៖ ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថរបស់សហរដ្ឋអាមេរិក Merck បានប្រកាសឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសមានប្រាក់ចំណូលទាបសរុបជាង ១០០ប្រទេស នឹងមានសិទ្ធិដើម្បីស្នើសុំផលិតថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ខ្លួនឈ្មោះថា ម៉ុលនូភើរ៉ាវៀរ (Molnupiravir) ហើយប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាមក៏ស្ថិតក្នុងចំណោមនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Thai PBS World នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

កម្ពុជា រួមជាមួយបណ្តាប្រទេសដទៃទៀត ដែលត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ ជាក្រុមប្រទេសមានចំណូលកម្រិតទាប និងមធ្យម គឺអាចមានសិទ្ធិក្នុងការផលិតថ្នាំ សាកល្បង Molnupiravir របស់ក្រុមហ៊ុន Merck ដែលត្រូវបានធ្វើតេស្តរកឃើញថា មានប្រសិទ្ធភាពទប់ស្កាត់ ការធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ ដោយសារជំងឺ COVID-19 បានដល់ទៅ៥០ភាគរយ។

ក្រុមហ៊ុន Merck សម្រេចបានកិច្ចព្រមព្រៀងមួយ ជាមួយអង្គការមិនរកប្រាក់កម្រៃ Medicine Patent Pool (MPP) គាំទ្រដោយអង្គការសហប្រជាជាតិ ខណៈអង្គការ MPP នឹងដើរតួនាទីជាអ្នកសម្របសម្រួល ក្នុងការផ្តល់អាជ្ញាបណ្ណសម្រាប់ ការផលិតថ្នាំ Molnupiravir នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះ។

គួរបញ្ជាក់ថា មកទល់ឥឡូវក្រុមហ៊ុនប្រហែល ៥០ នៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម បានបង្ហាញការចាប់អារម្មណ៍របស់ពួកគេ ក្នុងការស្នើសុំអាជ្ញាបណ្ណដើម្បីផលិតថ្នាំ COVID-19 របស់ក្រុមហ៊ុន Merck។ ថ្នាំ Molnupiravir ដែលផលិតនៅតាមប្រទេសកំពុងអភិវឌ្ឍន៍នេះ ត្រូវគេរំពឹងថា អាចថ្លៃត្រឹម ២០ដុល្លារប៉ុណ្ណោះ សម្រាប់មួយឈុតព្យាបាលដែលមាន ៤០គ្រាប់។ វាត្រូវលេប ២ដងក្នុងមួយថ្ងៃ ហើយម្តងចំនួន ៤គ្រាប់ សម្រាប់រយៈពេល ៥ថ្ងៃជាប់គ្នា ដើម្បីព្យាបាលជំងឺ COVID-19៕