(តៃប៉ិ)៖ តំណាងជាន់ខ្ពស់របស់អាមេរិកប្រចាំនៅតៃវ៉ាន់ លោកស្រី សាន់ដ្រា អូដឃើក (Sandra Oudkirk) នៅថ្ងៃសុក្រនេះ បាននិយាយថា សហរដ្ឋអាមេរិកប្តេជ្ញាក្នុងការជួយដែនកោះនេះ ការពារខ្លួនពីសត្រូវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

ក្នុងសន្និសីទសារព័ត៌មានលើកដំបូង គិតចាប់តាំងពីបានចូលកាន់តំណែង កាលពីខែកក្កដា ឆ្នាំ២០២១ លោកស្រី អូដឃើដ បានលើកឡើងថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយតៃវ៉ាន់ គឺរឹងមាំជាទីបំផុត ហើយទីក្រុងវ៉ាស៉ីនតោនប្តេជ្ញា នឹងជួយដែនកោះនេះការពារខ្លួនឯង។ សហរដ្ឋអាមេរិក មានកាតព្វកិច្ចផ្តល់មធ្យោបាយដល់តៃវ៉ាន់ ដើម្បីការពារខ្លួន ប៉ុន្តែដើរតាមយុទ្ធសាស្រ្តនយោបាយមួយ ដែលមិនបញ្ជាក់ឲ្យច្បាស់ឡើយថា ខ្លួននឹងធ្វើអន្តរាគមន៍ចូលជួយការពារតៃវ៉ាន់ដែរឬក៏អត់នោះទេ ក្នុងករណីដែលចិនប្រើកម្លាំងបាយវាយយកដែនកោះនេះ។

ពាក់ព័ន្ធសំណួរថាតើ សហរដ្ឋអាមេរិកនឹងមកចូលជួយដែរឬអត់ ប្រសិនបើចិនប្រើយោធាវាយប្រហារលើតៃវ៉ាន់ លោកស្រី អូដឃើក បាននិយាយថា នយោបាយសម្រាប់កោះតៃវ៉ាន់ គឺត្រូវបានបញ្ជាក់យ៉ាងច្បាស់ហើយ ព្រមទាំងនៅតែដដែល ដោយផ្អែកលើច្បាប់អាមេរិកផ្សេងៗ ដែលគ្រប់គ្រងទំនាកទំនាក់ជាមួយតៃវ៉ាន់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែជាខ្នងបង្អែកសំខាន់បំផុតរបស់កោះដែននេះ នៅលើឆាកអន្តរចាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធស្នូលផងដែរ៕