(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ នេះបានប្រកាសថា ខ្លួននឹងបន្ធូរបន្ធយវិធានការរឹតត្បឹត នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ហើយអនុវត្តការទាមទារលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង សម្រាប់កន្លែងដែលត្រូវបានចាត់ទុកថា «មានហានិភ័យខ្ពស់» ដូចជា ក្លឹបហាត់ប្រាណ សូណា និងបារ ដែលជាដំណាក់កាលដំបូង ឆ្ពោះទៅរកការរៀនរស់នៅជាមួយ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្រ្តីកូរ៉េខាងត្បូង បាននិយាយថា ដំណាក់កាលដំបូងនេះ នឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយមានរយៈពេល ០១ខែ ជាមួយនឹងផែនការធំបន្ទាប់ ដែលនឹងជំរុញឱ្យលុបចោលវិធានការរឹតរឹតត្បឹតទាំងអស់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

បើតាមការផែនការបន្ធូរបន្ធយវិធានការរឹតត្បឹតនេះ ព្រឹត្តិការណ៍កីឡាដែលរៀបចំនៅតាមទីសាធារណៈ ត្រូវបានអនុញ្ញាតឱ្យទទួលយកអ្នកទស្សនារហូតដល់ ៥០ភាគរយ ហើយអ្នកទស្សនារហូតដល់ ១០០នាក់អាចចូលរួមការប្រគុំតន្ត្រី ដោយមិនគិតពីលក្ខខណ្ឌនៃការចាក់វ៉ាក់សាំងឡើយ។ រីឯអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ នឹងត្រូវបានអនុញ្ញាតឱ្យទទួលទានពោតលីង និងភេសជ្ជៈនៅខាងក្នុងរោងកុន។

ការទៅលេងកម្សាន្តនៅកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាបារ និងក្លឹបរាត្រី, កន្លែងហាត់ប្រាណ, សូណា និងខារ៉ាអូខេ នឹងទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេល ៤៨ម៉ោង ខណៈដែលការជួបជុំជាលក្ខណៈឯកជន នឹងត្រូវបានអនុញ្ញាតជាមួយមនុស្សរហូតដល់ ១០នាក់នៅទូទាំងប្រទេស ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងឡើយ ប៉ុន្តែការជួបជុំនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេនឹងរក្សាមនុស្សត្រឹម ០៤នាក់ដដែលក្នុងមួយក្រុម ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,១២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៦០,៥៣៦ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២,៨១៧នាក់ និងអ្នកជាសះស្បើយចំនួន ៣៣២,៩៩៥នាក់ ខណៈប្រហែល ៧២ភាគរយនៃប្រជាជនសរុបចំនួន ៥២លាននាក់របស់ប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕