(បាងកក)៖ អវត្តមានរបស់ភ្ញៀវទេសចរបរទេស បានធ្វើឱ្យមានភាពផ្ទុយគ្នាស្រឡះតែម្ដង សម្រាប់ប្រជាជនទីក្រុងបាងកក បើប្រៀបធៀបទៅនឹងអ្វីដែលទីក្រុងរបស់ពួកគេធ្លាប់មាន មុនពេលជំងឺ COVID-19 បានផ្ទុះឡើង ជាពិសេសសម្រាប់អ្នកដែលមានជីវភាពរស់នៅ ពឹងផ្អែកលើវិស័យទេសចរណ៍។ ប៉ុន្តែការផ្លាស់ប្តូរ អាចនឹងកើតឡើងនៅសប្តាហ៍ក្រោយ នៅពេលដែលប្រទេសថៃ បើកព្រំដែនរបស់ខ្លួនឡើងវិញ ចំពោះអ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ។

ទីក្រុងបាងកក កំពុងត្រៀមរៀបចំសម្រាប់អ្វីដែលសង្ឃឹមថា ជាការចាប់ផ្តើមថ្មីសម្រាប់វិស័យទេសចរណ៍អន្តរជាតិ ក៏ដូចជាឱកាសដ៏គួរឱ្យរំភើបសម្រាប់ប្រជាជន និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

បើតាមអភិបាលរងទីក្រុងបាកកក លោក សុផុន ភីស៊ូតធីវង្ស (Sophon Phisutthiwong) រដ្ឋបាលទីក្រុងបាងកក (BMA) កំពុងរៀបចំស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ។ ផែនការលម្អិតត្រូវបានដាក់ចេញ និងហាត់សមហើយ ដើម្បីធានាឱ្យការបើកទីក្រុងឡើងវិញប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក។

លោក Sophon Phisutthiwong បាននិយាយថា «ការចាក់វ៉ាក់សាំងជូនដល់ប្រជាជនទីក្រុងបាងកក គឺជាកត្តាសំខាន់បំផុត។ ប្រហែល ៧៥ភាគរយនៃពួកគេ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ នេះមានន័យថា ប្រជាជនប្រហែល ៥.៨លាននាក់ក្នុងចំណោមប្រជាជនសរុបប្រហែល ៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ ដូច្នេះបើនិយាយពីការចាក់វ៉ាក់សាំង ទីក្រុងបាងកកបានត្រៀមខ្លួនរួចរាល់ហើយ»

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ អ្នកដំណើរអន្តរជាតិមកពីប្រទេស និងដែនដីដែលមានហានិភ័យទាបចំនួន ៤៦ នឹងអាចចូលមកកាន់ប្រទេសថៃ តាមជើងអាកាសបាន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ក្នុងនោះរួមមានប្រជាជនមកពី ប្រទេសសិង្ហបុរី ចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។ ពួកគេត្រូវតែជាអ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ យ៉ាងហោចណាស់ ១៤ថ្ងៃ និងបានស្នាក់នៅតែក្នុងប្រទេស និងដែនដីរបស់ពួកគេ យ៉ាងហោចណាស់ ២១ថ្ងៃមុនការចេញដំណើរ។ ពួកគេក៏តម្រូវឱ្យបង្ហាញលទ្ធផលតេស្ត RT-PCR «អវិជ្ជមាន» ដែលចេញក្នុងរយៈពេល ៧២ម៉ោងមុនពេលធ្វើដំណើរផងដែរ។

សម្រាប់អ្នកមិនមែនជាជនជាតិថៃ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តទាបបំផុតចំនួន ៥ម៉ឺនដុល្លារអាមេរិក គឺជាកាតព្វកិច្ច។ នៅពេលដែលពួកគេមកដល់ប្រទេសថៃ ការធ្វើតេស្ត RT-PCR មួយផ្សេងទៀតនឹងត្រូវបានអនុវត្ត។ អ្នកធ្វើដំណើរត្រូវតែរង់ចាំលទ្ធផលតេស្ត នៅសណ្ឋាគាររយៈពេលមួយយប់ រួចបន្ទាប់មកទើបអាចធ្វើដំណើរដោយសេរី ប្រសិនបើពួកគេធ្វើតេស្តឃើញលទ្ធផល «អវិជ្ជមាន»៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១)