(ប៉ារីស)៖ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានកោះហៅអគ្គរដ្ឋទូតបារាំងឱ្យចូលជួបដើម្បីពន្យល់ពី «ការសម្លុតគំរាម» ពាក់ព័ន្ធនឹងសិទ្ធិនេសាទ ក្រោយ Brexit តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ទិច (Jean Castex) ប្រកាសបើកចំហរទ្វារចរចាដោះស្រាយបញ្ហា។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

បារាំង និងចក្រភពអង់គ្លេសកំពុងមានជម្លោះនឹងគ្នាពាក់ព័ន្ធនឹងអាជ្ញាបណ្ណសម្រាប់ទូកនេសាទរបស់សហភាពអឺរ៉ុប ដែលចង់ធ្វើប្រតិបត្តិការនៅជុំវិញដែនទឹក អង់គ្លេស និងទីប្រជុំកោះ Channel Islands។ ខាងភាគីអង់គ្លេស និងរដ្ឋាភិបាលនៃទីប្រជុំកោះ Jersey និង Guernsey ដែលពឹងផ្អែកលើទីក្រុងឡុងដ៍ទាំងស្រុង ទាំងខាងការពារជាតិ និងកិច្ចការបរទេស បានរារាំងមិនឱ្យទូកនេសាទបារាំងចូលនេសាទនៅតំបន់ជុំវិញដែនទឹករបស់ពួកគេឡើយ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ទិច បាននិយាយថាបារាំងនៅតែបើកចំហទ្វារចរចាជានិច្ច ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានបញ្ជាក់នៅលើ Twitter ថាលោកស្រីបានកោះហៅអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងឡុងដ៍ ឱ្យចូលជួបដើម្បី បកស្រាយពីការសម្លុតគំរាមប្រឆាំងនឹងអង់គ្លេស និងទីប្រជុំកោះ Channel Islands។

គួរបញ្ជាក់ថា បារាំងបានព្រមានថាការបន្តបដិសេធផ្ដល់អាជ្ញាបណ្ណនេសាទពីសំណាក់ចក្រភពអង់គ្លេស អាចនឹងបង្ខំឱ្យទីក្រុងប៉ារីសចាត់វិធានការសងសឹកវិញភ្លាមៗ នៅសប្ដាហ៍ក្រោយនេះ។ ជាក់សែ្ដង អាជ្ញាធរបារាំងកាលពីថ្ងៃពុធកន្លងទៅនេះ ក៏បានផាកពិន័យទូកនេសាទអង់គ្លេស ២គ្រឿងផងដែរ ហើយក្នុងនោះមាន
មួយគ្រឿងត្រូវបានឃាត់ទុកនៅឯតំបន់កំពង់ផែ ឡឺ អាវ (Le Havre) ប្រទេសបារាំង៕