(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយវិធានការរឹតត្បឹតព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដោយប្ដូរទៅជាប្រព័ន្ធនៃការធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់ការមកដល់ពីក្រៅប្រទេសចំពោះ អ្នកដែលបានទទួលការវ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះពេញលេញ ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

នូវែលសេឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 កាលពីឆ្នាំមុន ហើយបានរក្សា វិធានការរឹតតឹ្បតព្រំដែនដ៏តឹងរ៉ឹងទាំងនេះ ដោយទុកឱ្យពលរដ្ឋ និងអ្នករស់នៅក្រៅប្រទេសជាច្រើនជាប់គាំងអស់រយៈពេលជាច្រើនខែ។

បើតាមរដ្ឋាភិបាលនូវែលសេឡង់អ្នកធ្វើដំណើរមកពីក្រៅប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ នឹងត្រូវចំណាយពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះក្នុងការធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះតទៅ ខណៈការធ្វើចត្តាឡីស័ក នាពេលបច្ចុប្បន្ននេះ ត្រូវចំណាយពេល ១៤ថ្ងៃ។

លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការធ្វើចត្តាឡីស័កនៅផ្ទះ ក៏នឹងត្រូវបានណែនាំចាប់ពីត្រីមាសទី១នៃឆ្នាំ២០២២ខាងមុខនេះតទៅផងដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនូវែលសេឡង់ នឹងបញ្ចប់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ខ្លួននៅពេលដែលប្រហែល ៩០ភាគរយនៃប្រជាជនរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ រហូតមកទល់ពេលនេះ ប្រហែល ៧២ភាគរយនៃប្រជាជននូវែលសេឡង់ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ ខណៈជិត ៨៧ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងដូសដំបូង៕