(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបង្ហាញនូវពាក្យស្នើមួយ ដើម្បីដាក់ពន្ធលើប្រាក់ចំណូលរបស់មហាសេដ្ឋីប្រហែល ៧០០នាក់ ដើម្បីជួយដល់ការចំណាយនៅក្នុងរបៀបវារៈសេដ្ឋកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចំពេលមានការប្រឆាំងពីសមាជិកមួយចំនួននៃគណបក្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

ពាក្យស្នើដែលបានចេញផ្សាយដោយ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភា លោក រ៉ូន វីដិន (Ron Wyden) នឹងអនុវត្តចំពោះអ្នកជាប់ពន្ធរបស់សហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិច្រើនជាង ១ពាន់លានដុល្លារអាមេរិក ឬដែលមានប្រាក់ចំណូលច្រើនជាង ១០០លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។

លោក Ron Wyden បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពន្ធលើប្រាក់ចំណូលរបស់មហាសេដ្ឋី នឹងធានាឱ្យមហាសេដ្ឋីបង់ពន្ធជារៀងរាល់ឆ្នាំ ដូចជនជាតិអាមេរិកដែលកំពុងធ្វើការដែរ។ គ្មានអ្នកធ្វើការណានៅអាមេរិកគិតថា វាជារឿងត្រឹមត្រូវនោះទេ ដែលពួកគេបានបង់ពន្ធ តែមហាសេដ្ឋីនានាបែរជាមិនបានបង់នោះ»

បើតាមសេចក្តីសង្ខេបនៃពាក្យស្នើខាងលើ, ពន្ធលើប្រាក់ចំណូលរបស់មហាសេដ្ឋី នឹងកំណត់គោលដៅចំពោះអ្នកជាប់ពន្ធប្រហែល ៧០០នាក់ ដោយធានាថា អ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេស ត្រូវបង់ចំណែកសមរម្យរបស់ពួកគេ ចំពោះការវិនិយោគជាប្រវត្តិសាស្ត្រក្នុងការថែទាំកុមារ ការផ្ដល់ប្រាក់ឈ្នួលក្នុងថ្ងៃឈប់សម្រាក និងការដោះស្រាយវិបត្តិអាកាសធាតុជាដើម។

ទោះជាយ៉ាងណា សមាជិកមួយចំនួននៃគណបក្សប្រជាធិបតេយ្យ បានសម្តែងការព្រួយបារម្ភ អំពីការស្នើនេះ។ តួយ៉ាង លោក ចូ មែនជីន (Joe Manchin) សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ វែសត៍ វ៉ឺជីនៀ (West Virginia) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមិនចូលចិត្តគំនិតដែលថា យើងកំពុងកំណត់គោលដៅ ចំពោះមនុស្សផ្សេងៗគ្នាបែបនេះសោះ»

រីឯលោក រីឆាក នៀល (Richard Neal) ប្រធានគណៈកម្មាធិការមធ្យោបាយ និងដំណោះស្រាយរបស់សភានៃគណបក្សប្រជាធិបតេយ្យ ក៏បាននិយាយផងដែរថា លោកមិនគាំទ្រចំពោះផែនការយកពន្ធលើមហាសេដ្ឋីនោះទេ៕