(វ៉ាស៊ីនតោន)៖ វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េបានជាប់គាំងគ្មានដំណោះស្រាយ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ, ទោះជាមានកិច្ចចរចា, សម្រេច បានកិច្ចព្រមព្រៀង, ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងប្រើកម្លាំងយោធាក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវ បានក្រុមអ្នកជំនាញមើលឃើញថាកាន់តែទំនើបឡើងៗ។

វិទ្យាស្ថានអាមេរិក Rand Corporation និងវិទ្យាស្ថាន Asan (Asan Institute) ធ្លាប់បានព្រមានថាកូរ៉េខាងជើងអាចនឹងផលិតបានអាវុធនុយក្លេអ៊ែរចំនួន ២០០គ្រាប់ នៅត្រឹម ឆ្នាំ២០២៧ ដែលអាចនឹងធ្វើឱ្យប្រទេសមួយនេះក្លាយជា «រដ្ឋនុយក្លេអ៊ែរកម្រិតមធ្យម»។ ដោយកាន់កាប់អាវុធប្រល័យលោក អាចបំផ្លាញជីវិតមនុស្សរាប់លាននាក់ និងបង្កវិនាសកម្ម នៅទូទាំងតំបន់អាស៊ីខាងកើត ឬអាចបាញ់ដល់សហរដ្ឋអាមេរិក, កូរ៉េខាងជើងអាចនឹងធ្វើឱ្យសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករង្គោះរង្គើរ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ហ៊ានលះបង់ទីក្រុងមួយចំនួនរបស់ខ្លួនដើម្បីការពារកូរ៉េខាងត្បូង។ ប៉ុន្តែ រឿងបែបនេះប្រហែលជាមិនអាចទៅរួចឡើយ ហើយសូម្បីតែកូរ៉េខាងត្បូងក៏ពិបាកនឹងជឿដែរថាអាមេរិក ហ៊ានពលីជីវិតប្រជាជនខ្លួនឯងរាប់លាននាក់ ដើម្បីការពារខ្លួន?

មកទល់នឹងពេលនេះ កូរ៉េខាងជើងមិនបានទទួលយកសំណើបើកកិច្ចចរចាឡើងវិញពីសហរដ្ឋអាមេរិកនោះទេ ហើយកាន់តែធ្វើឱ្យខ្លួនឯងនៅដាច់ឆ្ងាយពីពិភពលោកទៅទៀត។ ទីក្រុងព្យុងយ៉ាងបានធ្វើកំណែទម្រង់សេដ្ឋកិច្ច និងដោះស្រាយវិបត្តិ COVID-19 ឈរលើគោលការណ៍ពឹងលើខ្លួនឯង តាមរយៈវិធានការបិទព្រំដែន។ ការបិទព្រំដែនដ៏តឹងរ៉ឹងនេះ ហាក់បង្ហាញថាលោក គីម ជុងអ៊ុនបានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅ ហើយត្រឡប់ទៅរកគោលនយោបាយឯកោនៃជីតា និងឪពុករបស់លោក ខណៈអ្នកខ្លះទៀតថានេះគ្រាន់តែជាយុទ្ធសាស្ត្រដាក់សម្ពាធចង់បានសម្បទានពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

កូរ៉េខាងជើង គឺជាប្រទេសឯកោបំផុតមួយនៅលើពិភពលោក ដែលគេពិបាកស្មានជម្រៅចិត្ត រីឯការសម្រេចចិត្តស្ថិតនៅលើមនុស្សតែម្នាក់។ ដូច្នេះវាជារឿងគ្រោះថ្នាក់បំផុត
ប្រសិនបើលោក គីម ជុងអ៊ុន មានអារម្មណ៍ថារបបដឹកនាំរបស់លោករងការគំរាមកំហែង។ ការចាប់ផ្ដើមចម្រាញ់សារធាតុផ្លុយតូញ៉ូមនៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង វាបានបញ្ចុះបញ្ចូលឱ្យអ្នកនយោបាយអភិរក្សនិយមមួយចំនួននៅកូរ៉េខាងត្បូងគិតថាទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ដែលនេះតម្រូវ ឱ្យទីក្រុងសេអ៊ូលត្រូវតែមានអាវុធនុយក្លេអ៊ែរដែរ ដើម្បីការពារខ្លួនឯង។

ខុសប្លែកពីជប៉ុន ដែលគំនិតអភិវឌ្ឍនុយក្លេអ៊ែរនៅតែស្ថិតនៅក្នុងភាពចម្រូងចម្រាស, កូរ៉េខាងត្បូងបានគិតគូរពីអាវុធនុយក្លេអ៊ែរជាងកន្លះស.វមកហើយ។ អតីតមេដឹកនាំផ្ដាច់ការ កូរ៉េខាងត្បូង លោក ផាក ជុងហ៊ី (Park Chung‐ hee) ធ្លាប់បង្ហាញក្ដីបារម្ភពីនិរន្តរភាពនៃការគំាទ្រពីសហរដ្ឋអាមេរិក និងបានចាប់ផ្ដើមសិក្សាលើកម្មវិធីនុយក្លេអ៊ែរនៅអំឡុង ទសវត្សរឆ្នាំ១៩៦០។ សហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យលោក ផាក បោះបង់គំនិតនេះចោល តែក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ គំនិតអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅតែបន្តដិតជាប់ ក្នុងអារម្មណ៍ក្រុមអ្នកនយោបាយអភិរក្សនិយមកូរ៉េខាងត្បូង ដោយសារតែកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខ ខណៈឥទ្ធិពលអាមេរិក នៅក្នុងតំបន់អាស៊ីបានថមថយគួរឱ្យកត់សម្គាល់។

ពិតមែនទៅ, អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានជំរុញឱ្យកូរ៉េខាងត្បូងអភិវឌ្ឍអាវុធនុយក្លេអ៊ែរផងដែរ។ ការអនុញ្ញាតឱ្យកូរ៉េខាងត្បូងផលិតអាវុធនុយក្លេអ៊ែរ ច្បាស់ណាស់ គឺមានគុណវិបត្តិដោយវានឹងបង្កភាពតានតឹងផ្នែកការទូត និងភូមិសាស្ត្រនយោបាយទាំងនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី។ តែទោះជាបែបនេះក្ដី មើលទៅនឹងមានប្រទេស តិចតួចដែលនឹងដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ប្រសិនបើសហរដ្ឋអាមេរិកជាអ្នកបើកដៃឱ្យទីក្រុងសេអ៊ូលធ្វើដូច្នេះ។ សហរដ្ឋអាមេរិកបានសន្យាថានឹងមិនស្ទាក់ស្ទើរឡើយក្នុង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូងពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។

ប៉ុន្តែអ្វីៗគ្រប់យ៉ាង អាចនឹងផ្លាស់ ប្ដូរ នៅពេលកូរ៉េខាងជើងផលិតបានអាវុធនុយក្លេអ៊ែរ ២០០គ្រាប់មែននោះ។ យើងអាចសាកស្រមៃបាន នៅក្នុងករណីសង្រ្គាមផ្ទុះឡើង បើ កូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ថាតើអាមេរិកអាចការពារប្រជាជនខ្លួនឯងផង និងការពារកូរ៉េខាងត្បូងផងក្នុងពេលតែមួយដោយ របៀបណា? ចម្លើយនោះគឺច្បាស់ណាស់ អាមេរិកមុខជាត្រូវតែការពារប្រជាជនខ្លួនឯងជាមុនសិន។ ដូច្នេះជម្រើសមួយដ៏ល្អ, សហរដ្ឋអាមេរិកត្រូវតែធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាកូរ៉េខាងត្បូង មានសមត្ថភាពយោធាខ្លាំងក្លាអាចការពារខ្លួនឯងបាន ហើយសមត្ថភាពខ្លាំងក្លាបែបនេះក៏ប្រហែលជាត្រូវទាមទារឱ្យមានអាវុធនុយក្លេអ៊ែរ។

ការអនុញ្ញាតឱ្យកូរ៉េខាងត្បូងមានអាវុធនុយក្លេអ៊ែរ «វាមិនមែនជាមធ្យោបាយល្អប្រសើរនោះទេ, ប៉ុន្តែយ៉ាងហោចណាស់ វាក៏ជាមធ្យោបាយល្អម្យ៉ាងដែរ»។ ក្នុងរយៈពេលជាង ៧០ឆ្នាំ មកនេះ ពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយសហរដ្ឋអាមេរិកមិនមែនជាមហាអំណាចតែមួយគត់គ្មានគូប្រជែងនោះទេ។ រុស្ស៊ី ចិន និងកូរ៉េខាងជើង សុទ្ធតែមានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃ រីឯសម្ព័ន្ធមិត្តអាមេរិកដូចជាកោះតៃវ៉ាន់, កូរ៉េខាងត្បូង ឬជប៉ុនពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើឆត្រនុយក្លេអ៊ែរអាមេរិកដើម្បីការពារសន្តិសុខជាតិរបស់ពួកគេ។ ប្រឈមមុខ នឹងការរីកចម្រើនទៅមុខនៃសមត្ថភាពយោធារបស់កូរ៉េខាងជើង, សហរដ្ឋអាមេរិកគ្មានជម្រើសអ្វីផ្សេងក្រៅតែពីជួយពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងត្បូងនោះទេ។

ជាក់ស្ដែង កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានលុបចោលការរឹតត្បិតលើកម្មវិធីអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង។ នៅក្រោមការរឹតត្បិតអស់រយៈ ពេល ជាង៤០ឆ្នាំមកនេះ កូរ៉េខាងត្បូងអាចផលិតមីស៊ីលដែលអាចបាញ់បានក្នុងចម្ងាយមិនលើស ១៨០គីឡូម៉ែត្រ និងទម្ងន់ក្បាលគ្រាប់មីស៊ីលត្រឹមតែ៥០០គីឡូក្រាមប៉ុណ្ណោះ។ បន្ទាប់ពីការរឹតត្បិតត្រូវបានដកចេញ ទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះបានធ្វើតេស្ដមីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក និងបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាសដោយ ប្រើប្រាស់បច្ចេកវិទ្យាគ្រាប់រ៉ុក្កែតផលិតនៅក្នុងស្រុក ដោយជោគជ័យ ហើយដែលព្រឹត្តិការណ៍ទាំង២នេះបានបង្ហាញថាអាមេរិកប្រហែលជាចាប់ផ្ដើមទទួលស្គាល់ថាឆត្រនុយក្លេអ៊ែរ របស់ខ្លួនតែមួយមុខមិនមានប្រសិទ្ធភាពការពារសម្ព័ន្ធមិត្តឡើយ។

មានអាវុធនុយក្លេអ៊ែរ កុំថាឡើយកូរ៉េខាងជើងមិនហ៊ានបង្ករឿងធ្ងន់ធ្ងរ សូម្បីតែចិន ឬរុស្ស៊ីក៏ត្រូវពិចារណាពីរទៅបីដង មុននឹងសម្រេចចិត្តគំរាមកំហែងកូរ៉េខាងត្បូងដោយយោធា។ តែ ការផលិតអាវុធនុយក្លេអ៊ែរមិនមែនជារឿងងាយស្រួលនោះទេ អ្វីៗគេមានតែរង់ចាំមើលសិនថាតើនឹងមានអ្វីកើតឡើង បើកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ២០០គ្រាប់នៅឆ្នាំ២០២៧ ពិតមែននោះ៕

ប្រភព៖ Cato Institute (ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១)