(ម៉ង់រ៉េអាល់)៖ ក្រុមឆ្មាំសមុទ្រកាណាដាបានជួយសង្រ្គោះមនុស្ស ១៦នាក់ចេញពីកប៉ាល់ដឹកទំនិញមួយគ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះ និងកំពុងបញ្ចេញឧស្ម័នពុល គ្របដណ្ដប់តំបន់ឆ្នេររ បស់កាណាដា ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ឆ្មាំសមុទ្រកាណាដាបានឱ្យដឹងថាអគ្គិភ័យឆាបឆេះកប៉ាល់ដឹកទំនិញឈ្មោះ Zim Kingston ត្រូវបានរាយការណ៍នៅម៉ោងប្រមាណ ១១៖០០នាទីយប់ម៉ោង (នៅក្នុងតំបន់) កាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ។ ឆ្មាំសមុទ្រកាណាដាបន្ថែមថាអគ្គិភ័យនៅតែបន្តឆាបឆេះកប៉ាល់ដឹកទំនិញនេះ និងកំពុងបញ្ចេញឧស្ម័នពុលទៅអាកាស ខណៈមនុស្ស ១៦នាក់ត្រូវបានជួយសង្រ្គោះ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ពីទំហំនៃការខូចខាត ឬមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើប្រតិបត្តិការរបស់ពួកគេនៅឡើយ។

គួរបញ្ជាក់ថា បើតាមឆ្មាំសមុទ្រកាណាដា កប៉ាល់ដឹកទំនិញឈ្មោះ Zim Kingston មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Vancouver ប៉ុន្តែស្រាប់តែមានអគ្គិភ័យ ឆាបឆេះនៅពាក់កណ្ដាលផ្លូវ។ បច្ចុប្បន្ន កប៉ាល់នេះកំពុងស្ថិតនៅឯតំបន់ច្រកសមុទ្រ ហ័ន ដឺ ហ្វូកា (Juan de Fuca) ដែលជាព្រំដែនសមុទ្ររវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក៕