(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៣៥១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

សម្រាប់តំបន់ដែលរកឃើញករណីឆ្លងថ្មីៗខាងលើច្រើនជាងគេ គឺរាជធានីបាងកក ដែលមាន ៩២៩នាក់។ បន្ទាប់មកគឺខេត្តសុងខ្លា (Songkhla) ដែលមាន ៦៨២នាក់, ខេត្តនគរស្រីធម្មរាជ (Nakhon Si Thammarat) ដែលមាន ៥៨២នាក់, ខេត្តប៉័ត្តានី (Pattani) ដែលមាន ៥១១នាក់, ខេត្តយ៉ាឡា (Yala) ដែលមាន ៤៨៧នាក់ និងខេត្តឆៀងម៉ៃ (Chiang Mai) ដែលមាន ៤៦១នាក់។ ក្រៅពីការរកឃើញករណីឆ្លង អ្នកជំងឺចំនួន ៥៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៨៥០,៤៨២ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៧៥៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧៣០,៧២៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបប្រមាណ ៧០លានដូស ក្នុងនោះប្រជាជន ២៨.១៤លាននាក់ (៤០.២៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕