Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់ពិភាក្សាជាមួយអាមេរិក អំពីវិធីចូលរួមនៅ UN ខណៈចិនត្រៀមប្រារព្ធខួបទី៥០ នៃការទទួលបានកៅអី នៅស្ថាប័នអន្តរជាតិនេះ (Video inside)

24-10-2021 11:44

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីតៃវ៉ាន់និងសហរដ្ឋអាមេរិក ទើបតែបានជជែកគ្នាអំពីមធ្យោបាយ ដើម្បីអាចឲ្យតៃវ៉ាន់ចូលរួមដោយមានអត្ថន័យ នៅអង្គការសហប្រជាជាតិ (UN) ដ្បិតដែនកោះនេះ មិនត្រូវបានទទួលស្គាល់ជាសមាជិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

តៃវ៉ាន់ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋចិន បានកាន់កៅអីតំណាងឲ្យប្រទេសចិន នៅ UN ចាប់តាំងពីស្ថាប័ននេះ ត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៤៥ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ នៅពេលចិនសព្វថ្ងៃ ដែលមានឈ្មោះផ្លូវការថា សាធារណរដ្ឋប្រជាមានិតចិន ទទួលបានកៅអីនេះជំនួសវិញ ក្រោយឈ្នះសង្រ្គាមស៉ីវិល កាលពីឆ្នាំ១៩៤៩ ដែលបានបង្ខំឲ្យរដ្ឋាភិបាលតៃវ៉ាន់ ភៀសខ្លួនពីចិនដីគោកទៅកាន់ដែនកោះនោះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ក្រុមមន្រ្តីអាមេរិកនិងតៃវ៉ាន់ បានជួបគ្នាតាមប្រព័ន្ធអនឡាញ សម្រាប់ការពិភាក្សាមួយ ដែលផ្តោតលើការគាំទ្រដល់សមត្ថភាពតៃវ៉ាន់ ក្នុងការចូលរួមដោយមានអត្ថន័យ នៅអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍ខាងមុខនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងថ្លែងសារក្នុងឱកាសខួបទី៥០ នៃការទទួលបានកៅអី នៅ UN។ សម្រាប់ចិន កោះតៃវ៉ាន់មានឋានៈត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហេតុនេះហើយចិនមួយគត់ ដែលមានសិទ្ធិតំណាងឲ្យតៃវ៉ាន់ នៅលើឆាកអន្តរជាតិ។ យ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងតៃប៉ិ នៅតែប្រកាន់ជំហរយ៉ាងរឹងមាំថា មានតែតៃវ៉ាន់ខ្លួនឯងទេ ដែលមានសិទ្ធិយ៉ាងដូច្នោះ៕