(វ៉ាស៊ីនតោន)៖ សេតវិមានបាននិយាយនៅថ្ងៃពុធ ទី២០ ខែតុលានេះថា សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារអាយុចន្លោះពី៥ ទៅ១១ឆ្នាំ នៅខែក្រោយនេះ ដែលនេះជាសកម្មភាពមួយនឹងធ្វើឱ្យប្រជាជនអាមេរិកចំនួន២៨លាននាក់ទៀត មានសិទ្ធិទទួលថ្នាំបង្ការកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេតវិមានបាននិយាយថា «កិច្ចខិតខំប្រឹងប្រែងរៀបចំផែនការរបស់យើងមានន័យថា យើងនឹងត្រៀមខ្លួនដើម្បីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង បន្ទាប់ពីការណែនាំចុងក្រោយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង CDC»

ក្រុមហ៊ុនផលិតឱសថ Pfizer បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន សម្រាប់ក្រុមអាយុនេះកាលពីដើមខែនេះ ហើយសុំណើនេះត្រូវបានពិភាក្សាដោយស្ថាប័នជំនាញពីរក្រុម។

ស្ថាប័នទីមួយ នឹងត្រូវបានកោះហៅដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ដោយនឹងជួបប្រជុំនៅសប្តាហ៍ក្រោយ ហើយស្ថាប័នទី២ រៀបចំដោយ CDC នឹងជួបប្រជុំនៅថ្ងៃទី ២-៣ ខែវិច្ឆិកា។ គេរំពឹងថា ស្ថាប័នទាំងពីរនេះនឹងបង្ហាញពីអនុសាសន៍របស់ខ្លួនក្នុងពេលឆាប់ៗនេះ។

អ្នកជំនាញនិយាយថា ការចាក់វ៉ាក់សាំងកុមារគឺកត្តាចាំបាច់ដើម្បីជួយសម្រេចបាននូវភាពស៊ាំសហគមន៍ប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ខណៈពេលដែលក្មេងតូចៗមិនសូវវិវត្តទៅជាករណីធ្ងន់ធ្ងរ ប៉ុន្តែពួកគេនៅតែអាចឈឺនិងចម្លងមេរោគនេះទៅមនុស្សទូទៅ៕