(វ៉ាស៊ីនតោន)៖ មូលនិធិហ្គេតស៍ (The Gates Foundation) បាននិយាយថា ខ្លួននឹងផ្តល់ថវិការហូតដល់១២០លានដុល្លារអាមេរិក សម្រាប់ទិញថ្នាំព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck & Co ដើម្បីជួយដល់ប្រទេសដែលមានប្រាក់ចំណូលទាបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

មូលនិធិនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់នេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងការធ្វើឱ្យថ្នាំនេះមានលក្ខណៈទូទៅនូវអ្វីដែលអាចក្លាយជាថ្នាំប្រឆាំងវីរុសកូវីដ១៩ លេបតាមមាត់ដំបូងគេ ប្រសិនបើទទួលបានការអនុម័តយល់ព្រមឲ្យប្រើប្រាស់។

សហប្រធាននៃមូលនិធិលោកស្រី Melinda French Gates បាននិយាយថា «ការប្តេជ្ញាចិត្តនៅថ្ងៃនេះ នឹងធានាថាមនុស្សកាន់តែច្រើននៅក្នុងប្រទេសកាន់តែច្រើនទទួលបានថ្នាំ molnupiravir ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃរឿងទេ យើងត្រូវការម្ចាស់ជំនួយបន្ថែមទៀត រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលដើម្បីធ្វើសកម្មភាពនេះ»

គួរបញ្ជាក់ថា ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck គឺជាថ្នាំព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ។ ប៉ុន្តែផ្ទុយថ្នាំដទៃ, molnupiravir បានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការធ្វើតេស្ដ ដំណាក់កាលចុងក្រោយ៕