(ញូដេលី)៖ គ្រោះទឹកជំនន់ និងបំណាក់បាក់ដីនៅប្រទេសឥណ្ឌា និងនេប៉ាល់ដែលជាប់របងគ្នា បានបង្កឲ្យមនុស្ស ១២៩នាក់ហើយបាត់បង់ជីវិត ដោយក្នុងនោះនៅឥណ្ឌាមានមនុស្សស្លាប់ ច្រើនជាងគេរហូតដល់ទៅ ៨៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

សម្រាប់រដ្ឋ អ៊ូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា មនុស្សសរុប ៤៦នាក់ត្រូវបានរាយការណ៍ថា ស្លាប់ និង ១១នាក់ទៀតបាត់ខ្លួន ខណៈនៅរដ្ឋ ខឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសវិញ មនុស្សសរុប ៣៩នាក់បានបាត់បង់ជីវិត។ អាជ្ញាធរឥណ្ឌាបានអះអាងថា រដ្ឋរបស់ខ្លួនទាំងពីរនេះ បានទទួលរងភ្លៀងធ្លាក់យ៉ាងគំហុក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងកម្រិតរហូតដល់ទៅជាង ៤០០មីលីម៉ែត្រឯណោះ ទើបបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដីតែម្តង។

ដោយឡែក បើតាមអាជ្ញាធរនេប៉ាល់វិញ បានអះអាងនៅថ្ងៃពុធនេះថា ប្រជាជនខ្លួនយ៉ាងហោចណាស់ ៤៣នាក់បានបាត់បង់ជីវិត និង ៣០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុស ដែលអូសបន្លាយរយៈពេល ៣ថ្ងៃជាប់ៗគ្នា បានបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី នៅតាមតំបន់ជាប់ជួរភ្នំហិម៉ាល័យ។ បន្ថែមពីនេះ ប្រជាជននេប៉ាល់ជាង ២០នាក់ទៀត ក៏ត្រូវបានគេរាយការណ៍ថារងរបួសផងដែរ នៅក្នុងគ្រោះធម្មជាតិដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ទាំងអាជ្ញាធរឥណ្ឌា និងនេប៉ាល់នៅតំបន់កើតហេតុ សុទ្ធតែកំពុងព្យាយាមជួយសង្គ្រោះ ប្រជាជនមួយចំនួនដែលកំពុងជាប់គាំង នៅតាមទីតាំងមួយចំនួនដែលក្រុមសង្គ្រោះពិបាកនឹងទៅដល់ ខណៈសាលារៀន, ទីសក្ការៈ និងទីកន្លែងកម្សាន្តទាំងអស់ ត្រូវបានណែនាំឲ្យបិទទ្វារជាបណ្តោះអាសន្ន។ ក្រុមអ្នកជំនាញខាងព្យាករណ៍អាកាសធាតុ ទើបប្រកាសព័ត៌មាននៅថ្ងៃពុធនេះថា តំបន់ទាំងឡាយខាងលើនេះ នឹងទទួលរងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅរយៈពេលពីរថ្ងៃខាងមុខ៕