(កង់បេរ៉ា)៖ សុភាសិតក្រិកបុរាណមួយបានពោលថា «ប្រសិនបើអ្នកចង់បានសន្តិភាព, អ្នកគួរតែត្រៀមខ្លួនឱ្យហើយសម្រាប់ការធ្វើសង្រ្គាម»។ ភាពតានតឹងរវាង សហរដ្ឋអាមេរិក និងចិននាពេលបច្ចុប្បន្ន បានធ្វើឱ្យក្រុមអ្នកជំនាញខ្លះយកសុភាសិតបុរាណមួយនេះមកព្យាករពី «ហានិភ័យសង្រ្គាមនុយក្លេអ៊ែរ» នៅពេល អនាគត ដែលមនុស្សភាគច្រើនយល់ថាវានឹងមិនអាចផ្ទុះឡើងឡើយ ដោយសារតែពួកមហាអំណាចនុយក្លេអ៊ែរសុទ្ធតែញញើតដាក់គ្នាទៅវិញទៅមក ឬគេអាចនិយាយ ម្យ៉ាងទៀតបានថាអាវុធនុយក្លេអ៊ែរទុកប្រើសម្រាប់ «កំញើញ» តែប៉ុណ្ណោះ។

ប៉ុន្តែ ខណៈការប្រជែងដណ្ដើមឥទ្ធិពលគ្នានៅលើពិភពលោករវាងសហរដ្ឋអាមេរិក និងចិន កាន់តែពុះកញ្ជ្រោល, វាបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភថា «ការវិនិច្ឆយខុស» ណាមួយអាចនឹងរុញឱ្យមហាអំណាចទាំង២ ត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយបើសង្រ្គាមផ្ទុះឡើងមែនថាតើគេអាចធានា បានទេថាចិន ឬអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរ?

សោកនាដកម្មនៃសង្រ្គាមលោកលើកទី១ និងទី២ បានផ្ដល់មេរៀនអាចឱ្យគេយកមកពិចារណាបាន នោះគឺមជ្ឈដ្ឋានទូទៅយល់ថាសង្រ្គាមលោកទាំង២នេះ នឹងមិន ផ្ទុះឡើងទេ ពីព្រោះថាតួអង្គដែលជាអ្នកបង្កសង្រ្គាមមានភាពទន់ខ្សោយជាងអ្នករង់ចាំធ្វើសង្រ្គាម។ តែចុងបញ្ចប់ សង្រ្គាមលោកនៅតែផ្ទុះឡើង។ ជាឧទាហរណ៍ នៅឆ្នាំ១៩១៤, អាល្លឺម៉ង់បានបើកការវាយប្រហារលើប៊ែលហ្សិក ដោយបានអូសអង់គ្លេសជាសម្ព័ន្ធមិត្តរបស់ប៊ែលហ្សិកលូកដៃចូលក្នុងសង្រ្គាមនេះដែរ រហូតដល់បង្ក ទៅជាសង្រ្គាមលោកលើកទី១។ សង្រ្គាមលោកនេះត្រូវបានគេមើលឃើញថាគឺជាសង្រ្គាមរវាងបក្សសម្ព័ន្ធទន់ខ្សោយមួយមានអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ទល់នឹង បក្សសម្ព័ន្ធមហាអំណាចដូចជារុស្ស៊ី, បារាំង និងអង់គ្លេស។ ដូចគ្នាដែរ, កាលពីឆ្នាំ១៩៣៩ ប្រទេសប៉ូឡូញទទួលបានការធានាការពារសន្តិសុខពីអង់គ្លេស និងបារាំង ដែលគេមើលឃើញថាមានអំណាចខ្លាំងជាងកងទ័ពណាហ្ស៊ីអាល្លឺម៉ង់។ ប៉ុន្តែ ហ៊ីត្លែរនៅតែវាយកាន់កាប់ប៉ូឡូញ ដោយអង់គ្លេស និងបារាំងបានត្រឹមឱបដៃ ឈរមើល។

នៅឆ្នាំ១៩៤១, កងទ័ពហ៊ីត្លែរបានបើកការវាយលុកលើអតីតសហភាពសូវៀត ដែលជាប្រទេសមានទឹកដីធំធេង និងប្រជាជនច្រើនជាងអាល្លឺម៉ង់រាប់ដង។ ក្រោយមកទៀត, កងទ័ពជប៉ុនបានវាយប្រហារមហាអំណាចលេខមុខថ្មី គឺសហរដ្ឋអាមេរិក តាមរយៈការទម្លាក់គ្រាប់បែកកម្ទេចមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅ Pearl Harbor។ នៅក្នុងសង្រ្គាមលោកលើកទី២, បក្សសម្ព័ន្ធត្រីភាគីអាល្លឺម៉ង់, អ៉ីតាលី និងជប៉ុន បានធ្វើសង្រ្គាមប្រឆាំងនឹងប្លុកមហាអំណាចអង់គ្លេស, សូវៀត និងសហរដ្ឋអាមេរិក ហើយនេះជាសង្រ្គាមរវាងអ្នកខ្សោយ និងអ្នកខ្លាំងដែលមើលទៅមិនសមនឹងកើតឡើងទាល់តែសោះ ឬជាលក្ខណៈទ្រីស្តីសាមញ្ញគេអាចនិយាយ បានថាជារឿងមិនគួរឱ្យជឿដែលអ្នកខ្សោយហ៊ានវាយអ្នកខ្លាំង។ នៅត្រង់ចំណុចនេះនិយាយងាយស្ដាប់គឺបណ្ដាលមកពីការជឿជាក់លើខ្លួនឯងជ្រុលខ្លាំងពេក និងការវិនិច្ឆយខុស។

បើគេចាំមិនភ្លេចទេ, កាលពីឆ្នាំ១៩៣៩, ហ៊ីត្លែរបានធ្វើសកម្មភាពបង្ករឿងជាច្រើន ដើម្បីធ្វើតេស្ដមើលថាតើអង់គ្លេស និងបារាំងអាចនឹងលូកដៃចូលជួយតាមដែល ខ្លួនបានសន្យាដែរឬទេ នៅក្នុងករណីអាល្លឺម៉ង់ធ្វើសង្រ្គាមឈ្លានពានប៉ូឡូញ។ ចំណែកឯ ជប៉ុនវិញបានគិតខុសថាការបំផ្លាញមូលដ្ឋានទ័ពជើងទឹកអាមេរិក Pearl Harbor នឹងធ្វើឱ្យអាមេរិកងាកមករកកិច្ចចរចាជាជាងធ្វើសង្រ្គាមប្រឆាំងនឹងខ្លួន។ ចាប់តាំងពីឆ្នាំ១៩៤៥មក, មិនមានសង្រ្គាមលោកផ្ទុះឡើងទេ ហើយជម្លោះយោធា រវាងមហាអំណាចក៏ត្រូវបានបញ្ចៀសផងដែរ តួយ៉ាងដូចជាសង្រ្គាមរវាងអាមេរិក និងសូវៀតជុំវិញវិបត្តិមីស៊ីលគុយបាកាលពីឆ្នាំ១៩៦២ជាដើម។

ការបញ្ចៀសសង្រ្គាមរវាងអាមេរិក និងសូវៀត អាចធ្វើទៅបានដោយសារតែប្រទេសទាំង២ មានអាវុធនុយក្លេអ៊ែរដូចគ្នា ដែលក្រុមអ្នកជំនាញភាគច្រើនយល់ថា អាវុធនុយក្លេអ៊ែរនេះឯង បានធ្វើឱ្យពួកមហាអំណាចមានការញញើតគ្នាទៅវិញទៅមក។ ប៉ុន្តែ បរិបទសព្វថ្ងៃនៃភាពតានតឹង និងការប្រជែងឥទ្ធិពលគ្នាកាន់តែ ពុះកព្រ្ជោលរវាងអាមេរិក ចិន បាននិងកំពុងបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងថាតើអាវុធនុយក្លេអ៊ែរនៅតែអាចជា «យុទ្ធសាស្ត្រកំញើញ» ដ៏ជោគជ័យអាច បញ្ចៀសសង្រ្គាមបានទៀត ដែរឬក៏យ៉ាងណា?

បើតាមក្រុមអ្នកជំនាញ, ជម្លោះ ឬសង្រ្គាមក្ដៅរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងផ្ទុះឡើងនៅពេលអនាគតជុំវិញបញ្ហា «កោះតៃវ៉ាន់» ដែលត្រូវបានគេចាត់ទុកជា កន្លែងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ហើយអាវុធនុយក្លេអ៊ែរតែមួយមុខប្រហែលជាមិនអាចបញ្ចៀសសង្រ្គាមនេះបានទេ។ ជាធម្មតា មានអាវុធនុយក្លេអ៊ែរ ប្រហែលជាគ្មានសត្រូវណាហ៊ានឈ្លានពាន ឬតដៃនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលមានអាវុធនុយក្លេអ៊ែរធ្លាប់រងការវាយប្រហារនៅក្នុងសង្រ្គាមជាមួយ កូរ៉េខាងជើង, ចិន (សង្រ្គាមកូរ៉េ), វៀតណាម, អ៉ីរ៉ាក់, និងតាលីបង់ ហើយសូម្បីតែអេហ្ស៊ីប និងស៊ីរីក៏ធ្លាប់បើកការវាយប្រហារលើប្រទេសមានអាវុធនុយក្លេអ៊ែរ ដូចជាអ៉ីស្រាអែលដែរ កាលពីឆ្នាំ១៩៧៣។

ដូច្នេះថាតើប្រទេសមួយហ៊ានឈ្លានពានដែនកោះមួយដែលមានសម្ព័ន្ធមិត្តជាមហាអំណាចនុយក្លេអ៊ែរ ដែរឬទេ? រឿងបែបនេះធ្លាប់កើតឡើងម្ដងដែរដោយកាលពី ឆ្នាំ១៩៨២, អាហ្សង់ទីនបានឈ្លានពានដែនកោះ Falkland ដែលជាដែនដីអាណានិគមរបស់អង់គ្លេស។ ជាការពិតណាស់, អាវុធនុយក្លេអ៊ែរមិនធ្លាប់ត្រូវបានប្រើ ឡើយចាប់តាំងពីឆ្នាំ១៩៤៥មក។ ជាទូទៅ អាវុធនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើតែនៅក្នុងករណីដែលប្រជាជាតិនុយក្លេអ៊ែរមួយរងការគំរាមកំហែងពីខាងក្រៅ ប៉ុណ្ណោះ តែធាតុពិតជាក់ស្ដែងប្រទេសមាននុយក្លេអ៊ែរកម្រនឹងមានការគំរាមកំហែងពីខាងក្រៅណាស់។ និយាយដល់ចំណុចនេះ, តើការបាត់បង់កោះតៃវ៉ាន់, វាជាការគំរាមកំហែងខាងក្រៅចំពោះសហរដ្ឋអាមេរិកដែរឬទេ? ហើយប្រសិនបើសហរដ្ឋអាមេរិកមិនមានបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរការពារកោះតៃវ៉ាន់, ថាតើសហរដ្ឋអាមេរិកត្រូវធ្វើបែបណា ក្នុងការរារាំងចិនមិនឱ្យវាយយកកោះតៃវ៉ាន់? សហរដ្ឋអាមេរិកនៅតែរក្សាដដែលនូវការពង្រឹងសមត្ថភាពយោធា និងអាវុធ ធម្មតាមិនមែននុយក្លេអ៊ែរដើម្បីផ្ដួលចិន។

ប៉ុន្តែ ប្រវតិ្តសាស្ត្របានប្រាប់យើងថាអ្វីដែលសំខាន់ នោះគឺ «ការយល់ឃើញរបស់ភាគីដែលចង់ឈ្លានពាន និងឆន្ទៈប្រយុទ្ធរបស់ភាគីម្ខាងទៀត ដែលនេះចង់សំដៅ ទៅលើការយល់ឃើញរបស់ចិន ចំពោះសហរដ្ឋអាមេរិក។ មុននឹងឈ្លានពានប៉ូឡូញ, ហ៊ីត្លែរបានធ្វើសកម្មភាពបង្ករឿងជាច្រើនដើម្បីធ្វើតេស្ដថាតើអង់គ្លេស និងបារាំង អាចនឹងចូលជួយប៉ូឡូញដែរទេ? ដោយឡែក ក្រោយរុស្ស៊ីក្រសោបយក «តំបន់គ្រីមៀ» ពីអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងអឺរ៉ុបមិនបានលូកដៃចូលជួយ, ការដួលរលំរបបដឹកនាំអាហ្វហ្កានីស្ថានដែលអាមេរិកបណ្ដុះបណ្ដាលអស់រាប់សិបឆ្នាំ ក្រោមថ្វីដៃក្រុមតាលីបង់ និងការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង ពីសំណាក់ចិន ដោយមិនមានទណ្ឌកម្មជាដុំកំភួនពីសហរដ្ឋអាមេរិក និងអន្តរជាតិ សុទ្ធតែអាចជា «ហេតុផល» ដែលក្រមអ្នកជំនាញយល់ថាអាចឱ្យចិនយកមកធ្វើ ការវិនិច្ឆយលើឆន្ទៈប្រយុទ្ធរបស់សហរដ្ឋអាមេរិក។

ជាក់ស្ដែង, ក្រោយការដួលរលំអាហ្វហ្កានីស្ថានកាលពីសីហាកន្លងនេះ ច្បាស់ណាស់ ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិនបានចាប់ផ្ដើមគិតថាតើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិតជាមានឆន្ទៈ ឬហ៊ានពលីជីវិតកងទ័ពអាមេរិករាប់ពាន់នាក់ដើម្បីការពារកោះតៃវ៉ាន់ដែរឬទេ? ហើយពួកគេក៏អាចគិត ឬវិនិច្ឆយផងដែរថា ប្រសិនបើដាច់ខាតត្រូវតែបង្រួបប្រង្រួមជាតិជាមួយតៃវ៉ាន់ដោយកម្លាំងយោធា តើគួរតែធ្វើវាឱ្យទាន់ពេលលោក បៃដិននៅកាន់អំណាច ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថានឹងមិនអាចដកថយចេញពីតៃវ៉ាន់ឡើយ។ សម្រាប់សហរដ្ឋអាមេរិក ការការពារកោះតៃវ៉ាន់ គឺមាន ន័យស្មើនឹងការពារអំណាចរបស់ខ្លួនឯងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រីឯចិនវិញ បាត់បង់កោះតៃវ៉ាន់មានន័យដូចជាការប្រគល់មូលដ្ឋានទ័ពដ៏សំខាន់មួយដែលនៅ ជាប់របងផ្ទះខ្លួនឱ្យសហរដ្ឋអាមេរិក។ ការបរាជ័យរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន មិនមែនធ្វើឱ្យអាមេរិកចុះទន់ខ្សោយនោះទេ ប៉ុន្តែវាមើលទៅអាមេរិក ដូចជាទន់ខ្សោយ។ ដូចគ្នាដែរបញ្ហាធំ មិនមែននៅត្រង់ថាតៃវ៉ាន់អាចនឹងបាត់បង់ ឬក៏អត់នោះទេ តែសំខាន់នៅត្រង់ការវិនិច្ឆយខុសរបស់ចិនចំពោះការដោះស្រាយ របស់សហរដ្ឋអាមេរិក ហើយដែល «ការវិនិច្ឆយខុស» នេះឯងអាចនឹងបំផ្លាញសន្តិភាពយូរអង្វែង៕

ប្រភព៖ Aspi-strategist (ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១)