(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទនេះ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ បន្ទាប់ពីគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគនិរតីប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

មនុស្សជាច្រើន បាននិងកំពុងជាប់គាំង នៅតាមតំបន់ខ្លះ នៃរដ្ឋខេរ៉ាឡា (Kerala) ខណៈភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំង កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ដែលបណ្ដាលឱ្យទឹកទន្លេ កើនឡើងដល់កម្រិតខ្ពស់មួយ រហូតជន់លិចដងផ្លូវជាច្រើន។

អាជ្ញាធរឥណ្ឌាបានគូសបញ្ចាក់ប្រាប់សារព័ត៌មាន AFP ថា រហូតមកទល់ពេលនេះ សាកសពមនុស្សចំនួន ១១នាក់ ត្រូវបានគេរកឃើញនៅក្នុងស្រុកអ៉ីឌុកគី (Idukki) ខណៈ១៤នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងស្រុកកូតតាយ៉ាម (Kottayam) បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានវាយប្រហារដោយគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់។

លោក ពីណារ៉ាយី វីចាយ៉ាន (Pinarayi Vijayan) ប្រមុខរដ្ឋបាលនៃរដ្ឋ Kerala បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយយ៉ាងហោចណាស់មានជំរំសង្គ្រោះចំនួន ១០០ ត្រូវបានបង្កើតឡើង។ កងទ័ពជើងទឹក និងកងទ័ពអាកាសឥណ្ឌា ក៏កំពុងជួយដល់ប្រតិបត្តិការជួយសង្គ្រោះផងដែរ ប៉ុន្តែគេនៅមិនទាន់អាចដឹងទេថា តើមានមនុស្សប៉ុន្មាននាក់ ដែលកំពុងបាត់ខ្លួននោះ។

គួរបញ្ជាក់ថា បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ភ្លៀងធ្លាក់ខ្លាំងនេះ គឺបង្កឡើងដោយប្រព័ន្ធសម្ពាធទាបមួយ នៅតំបន់ភាគអាគ្នេយ៍ នៃសមុទ្រអារ៉ាប់ (Arabian Sea) និងរដ្ឋ Kerala ត្រូវបានគេរំពឹងថា នឹងធូរស្រាលទៅវិញ នៅថ្ងៃចន្ទនេះ។ ចំណែកឯរដ្ឋមួយចំនួនទៀត ដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋ អ៊ូតតារ៉ាខណ្ឌ (Uttarakhand) និងរដ្ឋ ហ៉ីម៉ាចាល់ ប្រាដេស (Himachal Pradesh) ទើបតែត្រូវបានគេព្យាករថា នឹងមាន «ភ្លៀងធ្លាក់ចាប់ពីខ្លាំង ទៅខ្លាំងបំផុត» ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ៕