(ស៉ីដនី)៖ កុមាររាប់ពាន់នាក់ បានវិលត្រឡប់មករៀននៅសាលារៀនវិញ នៅទីក្រុងស៊ីដនី នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីការរៀននៅផ្ទះ អស់រយៈពេលជិត ៤ខែ ខណៈទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្រ្តាលីមួយនេះ បានបន្ធូរបន្ថយវិធានការរឹតត្បិតបន្ថែមទៀតត្រឹមរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ ក្រោយការដកចេញនូវវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 របស់ខ្លួនចំពេលមានការកើនឡើងនៃអត្រាចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ការចាក់វ៉ាក់សាំងលឿនជាងការរំពឹងទុក បាននាំមកនូវការបន្ធូរបន្ធយវិធានការរឹតត្បឹតបន្ថែមទៀត នៅរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ដែលមានទីក្រុងស៊ីដនី ជារដ្ឋធានី ដែលប្រជាជនមានអាយុលើសពី ១៦ឆ្នាំបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) លើស ៨០ភាគរយហើយនៅចុងសប្តាហ៍នេះ។

ការពាក់ម៉ាស់ នឹងមិនត្រូវតម្រូវឱ្យអនុវត្តទៀតទេនៅក្នុងការិយាល័យ ហើយមនុស្សកាន់តែច្រើនបន្ថែមទៀត អាចប្រមូលផ្តុំគ្នាបានទាំងនៅក្នុង និងក្រៅផ្ទះ ខណៈទីក្រុងស៊ីដនី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរស់នៅជាមួយជំងឺ COVID-19។ ហាងលក់ទំនិញ ហាងស្រា និងកន្លែងហាត់ប្រាណអាចអនុញ្ញាត ទទួលស្វាគមន៍អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ហើយក្លឹបរាត្រីអាចបើកដំណើរការឡើងវិញ សម្រាប់ការអង្គុយផឹកស្រា ខណៈពិធីមង្គលការអាចទទួលភ្ញៀវចូលរួមដោយគ្មានការកំណត់ចំនួនមនុស្សឡើយ។

រីឯសិស្សថ្នាក់មត្តេយ្យ ថ្នាក់ទី ១ និងទី ១២ អាចត្រឡប់មកថ្នាក់រៀនវិញ ខណៈដែលសិស្សផ្សេងទៀត នឹងត្រឡប់មកវិញនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១៤៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១,៥០០នាក់ និងអ្នកជាសះស្បើយជាង ១១០,០០០នាក់៕