(ព័រអូប្រាំង)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាអ្នកផ្សព្វផ្សាយសាសនាគ្រឹស្ដ ១៧នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងនោះរួមមានទាំងកុមារ និងស្ត្រី ត្រូវបានជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមចាប់ពង្រត់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងប្រទេសហៃទី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន CNN ដោយផ្អែកលើប្រភពបានមកពីមន្ត្រីសន្តិសុខហៃទី បានឱ្យដឹងទៀតថាជនរងគ្រោះខាងលើត្រូវបានចាប់ពង្រត់នៅក្នុងទីក្រុង ព័រអូប្រាំង នៅពេលដែលពួកគេចេញពីមណ្ឌលក្មេងកំព្រាមួយកន្លែង។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏បានដឹងពីរបាយការណ៍ចាប់ពង្រត់ពលរដ្ឋអាមេរិកផងដែរ តែមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតបន្ថែមនោះទេ ដោយ គ្រាន់តែសង្កត់ធ្ងន់ថាសុខមាលភាព និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកគឺជាអាទិភាពចម្បងរបស់ក្រសួងការបរទេសអាមេរិក៕