(មែលប៊ន)៖ ក្រុមមន្ត្រីអូស្ត្រាលីបាននិយាយថាទីក្រុងមែលប៊ន (Melbourne) ដែលត្រូវបានដាក់ឱ្យនៅក្រោមវិធានការបិទខ្ទប់យូរជាងបណ្ដាទីក្រុងដទៃ ទាំងអស់នៅលើពិភពលោក នឹងលុបចោលបទបញ្ជាបង្គាប់ឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះតទៅ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រុមមន្ត្រីអូស្ត្រាលី, គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ នៅពេលវិធានការរឹតត្បិតមួយចំនួនត្រូវបានលុបចោល, ទីក្រុងមែលប៊នដែលមានប្រជាជន ៥លាន នាក់រស់នៅ បានស្ថិតនៅក្រោមវិធានការបិទខ្ទប់សរុបអស់រយៈពេល ២៦២ថ្ងៃ ឬជិត៩ខែ ចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី និង បណ្ដាសារព័ត៌មានអន្តរជាតិក៏បានចាត់ទុកថាផងដែរថាទីក្រុងមែលប៊ន បានអនុវត្តវិធានការបិទខ្ទប់យូរជាងគេបំផុត លើសទីក្រុងប៊ូអេណូ អ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីន ដែលបានស្ថិតនៅក្រោមវិធានការប្រឆាំង COVID-19 នេះអស់ ២៣៤ថ្ងៃ។

គួរបញ្ជាក់ថា ការសម្រេចចិត្តបន្ធូរបន្ថយវិធានការរឹតត្បិតរបស់អាជ្ញាធរអូស្រ្តាលី ធ្វើឡើងនៅចំពេលអត្រាចាក់វ៉ាក់សាំងបង្ការ COVID-19 កើនដល់ ៧០ភាគរយ។ បើតាមគេហទំព័រ worldometer អូស្រ្តាលីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ១៤៣,២០៤នាក់ ក្នុងនោះស្លាប់ ១,៥៣២នាក់ និងជាសះស្បើយឡើងវិញ ១១០,០៩២នាក់៕