(ហ្សាការតា)៖ សិស្សសាលាសរុប ១១នាក់បានស្លាប់ និង ១០នាក់ទៀតត្រូវបានជួយសង្គ្រោះ នៅក្នុងករណីលង់ទឹកពេលចូលរួម យុទ្ធនាការសម្អាតដងទន្លេនៅក្នុងខេត្ត ជ្វាខាងលិច (West Java) នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា សិស្សសរុប ១៥០នាក់ មកពីសាលាអ៊ីស្លាម កម្រិតអនុវិទ្យាល័យមួយនៅក្នុងខេត្ត West Java បានចូលរួមក្នុងយុទ្ធនាការសម្អាត ច្រាំងទន្លេ ស៊ីលឡឺ (Cileueur) កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែ ២១នាក់ក្នុងចំណោមពួកគេ បានជ្រុលខ្លួនធ្លាក់ចូលក្នុងទឹកទន្លេនោះតែម្តង។

មន្ត្រីសង្គ្រោះបន្ទាន់់ឥណ្ឌូណេស៊ីបានឲ្យដឹងទៀតថា នៅពេលកើតហេតុ អាកាសធាតុគឺល្អជាធម្មតា ហើយក៏គ្មានទឹកជំនន់ ឬហូរខ្លាំងកើតឡើងនោះដែរ ប៉ុន្តែសិស្សសាលាដែលគ្មានពាក់ អាវពោងសុវត្ថិភាពទាំងអស់នោះ បានចុះទៅតាមច្រាំងទន្លេរួចជិះទូកពោង និងកាន់ដៃបណ្តាក់គ្នាបម្រុងឆ្លងទន្លេ ហើយនៅពេលមានសមាជិករអិលធ្លាក់ទៅក្នុងទឹកទន្លេ នោះអ្នកផ្សេងៗទៀតក៏ជ្រុលខ្លួន ធ្លាក់ចុះទៅក្នុងទឹកបណ្តាក់គ្នាតែម្តង។

គួរបញ្ជាក់ថា ក្រុមសង្គ្រោះបានប្រើប្រាស់ទូក និងឧបករណ៍ផ្សេងៗទៀត ដើម្បីសង្គ្រោះ និងស្វែងរកសិស្សដែលបាត់ខ្លួនក្នុងទឹកទន្លេ Cileueur ទាំងយប់ ហើយជាលទ្ធផល សិស្ស ១០នាក់ត្រូវបានជួយសង្គ្រោះ និង ១១នាក់បាត់បង់ជីវិត៕