(ហ្សេរុយសាឡឹម)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ាឡេស្ទីនបានចេញមុខព្រមានថា ផលវិបាកនៃគម្រោងសាងសង់ទីលំនៅបន្ថែមទៀត របស់អ៉ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡឹម នឹងជារឿងដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

ការិយាល័យប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «អ៉ីស្រាអែលមានផែនការសាងសង់ លំនៅឋានរាប់រយខ្នងទៀតដោយខុសច្បាប់ សម្រាប់ប្រជាជនខ្លួន នៅតំបន់ភាគខាងកើតនៃទីក្រុងហ្សេរុយសាឡឹម ខណៈវាជារឿងដ៏គ្រោះថ្នាក់ ។ គម្រោងទាំងនេះ នឹងកាត់ផ្តាច់ទីក្រុងហ្សេរុយសាឡឹម ពីតំបន់វែសប៊ែងទាំងស្រុង ហើយបង្កការបញ្ហាប្រឈមចំពោះ ច្បាប់ក៏ដូចជាដំណោះស្រាយអន្តរជាតិ»

គួរបញ្ជាក់ថា យោងតាមស្ថិតិរបស់ប៉ាឡេស្ទីន គឺគិតចាប់តាំងពីឆ្នាំ១៩៦៧មក ជនជាតិអ៉ីស្រាអែលច្រើនជាង ៦០០,០០០នាក់ បាននិងកំពុងរស់នៅក្នុងតំបន់វែសប៊ែង និងតំបន់ភាគខាងកើត នៃទីក្រុងហ្សេរុយសាឡឹម ខណៈតំបន់ទាំងនេះ គឺជាទឹកដីដែលជនជាតិប៉ាឡេស្ទីនជាង៣លាននាក់រស់នៅ។

អ៉ីស្រាអែលបានចូលត្រួតត្រា តំបន់វែសប៊ែងនិងហ្សេរុយសាឡឹមខាងកើត ដែលស្ថិតក្រោមការទាមទារបស់ប៉ាឡេស្ទីន ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីឆ្នាំ១៩៦៧ ហើយបានបន្តគ្រប់គ្រងពួកវា ចាប់តាំងពីពេលនោះមក។ យ៉ាងណាក្តី ប៉ាឡេស្ទីនមានគោលដៅ ចង់បង្កើតរដ្ឋប៉ាឡេស្ទីនដែលមានភាពឯករាជ្យ នៅលើតំបន់ទាំងពីរនេះ៕